
ខេត្តកណ្ដាល៖ មន្ត្រីជំនាញផ្នែកបរិស្ថាន បានចាត់វិធានការលើសិប្បកម្មស្លចម្រាញ់យកផ្លាកទីន១កន្លែង នៅស្រុកអង្គស្នួល ខេត្តកណ្ដាល ក្រោយរកឃើញថា បានបង្កផលប៉ះពាល់ដល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋជុំវិញ។

ក្រសួងបរិស្ថាន ប្រកាសជាសាធារណៈនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ថា ក្រុមការងារមន្ទីរបរិស្ថានខេត្តកណ្ដាល សហការជាមួយរដ្ឋបាលស្រុកអង្គស្នួល និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យទីតាំងសិប្បកម្មស្លចម្រាញ់យកផ្លាកទីន១កន្លែង កាលពីថ្ងៃទី២៩ ខែមេសា។ ក្រោយចុះពិនិត្យផ្ទាល់ មន្រ្តីជំនាញរកឃើញថា ដំណើរការសិប្បកម្មនេះ មិនត្រឹមត្រូវតាមបច្ចេកទេស ប៉ះពាល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋ។

មន្រ្តីជំនាញបញ្ជាឱ្យម្ចាស់សិប្បកម្មផ្អាកសកម្មភាពទាំងស្រុង រហូតដល់បំពេញបែបបទនីតិវិធីច្បាប់បានរួចរាល់។ ក្នុងពេលជាមួយគ្នា ម្ចាស់ទីតាំងត្រូវទទួលរងវិន័យអន្តរការតាមច្បាប់ «ករណីដំណើរការសិប្បកម្មដោយពុំមានលិខិតអនុញ្ញាត»។ អាជ្ញាធរជំរុញឱ្យម្ចាស់សិប្បកម្មបំពាក់ឧបករណ៍ចម្រោះផ្សែង ក្លិន គ្រប់គ្រងសំណល់ផេះធ្យូងថ្មឱ្យបានត្រឹមត្រូវ ឈប់យកប្រេងខ្មៅដុត និងកែបច្ចេកទេសឡចម្រាញ់បន្ថែមទៀត។ បន្ថែមលើនេះ ម្ចាស់សិប្បកម្មត្រូវរៀបចំកិច្ចសន្យាការពារបរិស្ថាន ជាមួយមន្ទីរបរិស្ថានខេត្តកណ្តាល ឱ្យរួចរាល់ក្នុងរយៈពេល៣០ថ្ងៃ នៃថ្ងៃធ្វើការ ដោយរាប់ចាប់ពីថ្ងៃធ្វើកំណត់ហេតុតទៅ។ ក្រៅពីនេះ ម្ចាស់សិប្បកម្ម ត្រូវគោរព និងអនុវត្តច្បាប់ពាក់ព័ន្ធនានាឱ្យមានប្រសិទ្ធភាព៕






