
រាជធានីភ្នំពេញ៖ ក្នុងរយៈពេល៤ខែ ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៦ ក្រសួងបរិស្ថាន បានទប់ស្កាត់ការបញ្ចេញទឹកកខ្វក់ជាង២៨លានម៉ែត្រគុប នៅតាមបណ្តាក្រុមហ៊ុន និងរោងចក្រសហគ្រាសនានា ដើម្បីការពារប្រភពទឹកសាធារណៈ និងសុខភាពប្រជាពលរដ្ឋ។

ក្រសួងបរិស្ថានចេញផ្សាយរបាយការណ៍នៅថ្ងៃទី២ ខែឧសភានេះថា លទ្ធផលសម្រេចនាពេលនេះ បង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការចូលរួមសហការល្អគ្រប់ភាគីពាក់ព័ន្ធ រួមទាំងម្ចាស់រោងចក្រ សហគ្រាស និងក្រុមហ៊ុននានា។ ជាក់ស្តែង គ្រាន់តែក្នុងខែមេសា ទឹកកខ្វក់ប្រមាណជាង២លានម៉ែត្រគុប ត្រូវបានទប់ស្កាត់មិនឱ្យហូរចូលក្នុងប្រភពទឹកធម្មជាតិ ដែលអាចប៉ះពាល់ដល់ជីវភាព និងការរស់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

បើតាមក្រសួងដដែល ក្រុមហ៊ុន និងរោងចក្រសហគ្រាសនានា បានបំពាក់ឧបករណ៍ស្វ័យប្រវត្តិតាមដានការបញ្ចេញសំណល់រាវ។ គិតត្រឹមខែមេសា ឆ្នាំ២០២៦ ក្រុមហ៊ុន និងរោងចក្រសហគ្រាស៥៩ទីតាំង បានចូលរួមអនុវត្តច្បាប់ និងបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យនៅតាមទីតាំងអាជីវកម្មរបស់ខ្លួន៕




