ទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី៣៣ឆ្នាំ! មេដឹកនាំកម្ពុជា រំឭកអ្នកកាសែតកុំយកស្លាកព័ត៌មានទៅកាងបទល្មើស
អុន សម្ផស្ស
4 ម៉ោងមុន

រាជធានីភ្នំពេញ៖ ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី៣៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត​​ បានចេញសារលិខិត សម្ដែងការអបអរសាទរ។ ទន្ទឹមនេះ សម្តេច អំពាវនាវឱ្យអ្នកសារព័ត៌មាន ផ្សាយព័ត៌មានប្រកបដោយ«ការទទួលខុសត្រូវ និងសីលធម៌វិជ្ជាជីវៈ» ដោយចៀសវាងការយកស្លាកអ្នកសារព័ត៌មាន ទៅបិទបាំងសកម្មភាពល្មើសច្បាប់។

សម្តេចនាយករដ្ឋមន្ត្រី ចាត់ទុកសារព័ត៌មាន ជាដៃគូយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល នៅក្នុងការកសាងសង្គមព័ត៌មានពិត ត្រឹមត្រូវ បង្កើនជំនឿទុកចិត្តសាធារណៈ និងការពារស្ថិរភាពសង្គម។ ក្នុងន័យនេះ សម្តេច បានផ្ញើសារដោយត្រង់ទៅកាន់អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាទាំងអស់ឱ្យបន្តតួនាទីជាអ្នកបន្សុទ្ធព័ត៌មាន ទប់ស្កាត់រាល់ព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត សំដៅរក្សាឱ្យបានសណ្តាប់ធ្នាប់សារព័ត៌មាន។ គ្រប់ភាគីពាក់ព័ន្ធ ក៏ត្រូវប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ក្នុងវិស័យព័ត៌មានប្រកបដោយក្រមសីលធម៌ និងការទទួលខុសត្រូវក្នុងវិជ្ជាជីវៈ។ ស្ថាប័នសារព័ត៌មានទាំងអស់ ត្រូវមានយន្តការត្រួតពិនិត្យឱ្យបានហ្មត់ចត់បំផុតចំពោះរាល់មាតិកា ដែលផលិតដោយបញ្ញាសិប្បនិម្មិត ដើម្បីចៀសវាងបច្ចេកវិទ្យាបំផ្លាញសច្ចធម៌ និងបូរណភាពនៃព័ត៌មាន, កុំផ្សព្វផ្សាយ ឬចែករំលែកព័ត៌មានណាដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ ជាពិសេសស្ត្រី និងកុមារ ដោយត្រូវរួមគ្នាការពារ និងលើកកម្ពស់វប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជាតិ។

ប្រមុខរាជរដ្ឋាភិបាលសង្កត់ធ្ងន់ថា៖«សូមក្រើនរំឭកចំពោះការយកស្លាកអ្នកសារព័ត៌មាន ទៅបិទបាំងសកម្មភាពល្មើសច្បាប់ ឬបម្រើឱ្យរបៀបវារៈរបស់ក្រុមអមិត្ត ដែលមានបំណងបង្កអន្តរាយជាតិ។ នេះជាការក្បត់មនសិការវិជ្ជាជីវៈ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ឬដើម្បីបំផ្លាញជាតិ ដែលជាទង្វើមិនអាចអត់ឱនបានឡើយ»ផ្ទុយមកវិញ ភាគីពាក់ព័ន្ធ ត្រូវបន្តកិច្ចសហការជាមួយស្ថាប័នមានសមត្ថកិច្ចក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងសកលលោក សំដៅលើកកម្ពស់ការអភិវឌ្ឍវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ហើយបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលជាមូលដ្ឋានគ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈ។ សម្តេចធិបតី បន្ថែមថា សេរីភាពសារព័ត៌មាននៅកម្ពុជានឹងត្រូវបានបន្តការពារ និងលើកកម្ពស់តាមគោលការណ៍ច្បាប់ សុចរិតភាព និងការទទួលខុសត្រូវ ដើម្បីបម្រើប្រជាជន ការពារជាតិ រួមចំណែកដល់សន្តិភាពក្នុងតំបន់ និងពិភពលោក៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត