
រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រសួងសង្គ្រាមអាម៉េរិក បានប្រកាសនៅថ្ងៃសៅរ៍ទី២ ខែឧសភានេះ ថា សហរដ្ឋអាម៉េរិក នឹងដកកងទ័ព៥០០០នាក់ ចេញពីប្រទេសអាល្លឺម៉ង់ ដែលជាសម្ព័ន្ធមិត្តដ៏ធំមួយរបស់អង្គការណាតូ ខណៈការសម្រេចចិត្តនេះ កើតឡើងស្របពេលភាពតានតឹងកាន់តែរីកធំឡើងរវាងលោកប្រធានាធិបតី ដូណាល់ ត្រាំ និងសហភាពអឺរ៉ុប ជុំវិញវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់។

ជាមួយគ្នា ការដកទ័ពនេះ ក៏កើតឡើងបន្ទាប់ពីមានការប៉ះទង្គិចពាក្យសម្តីរវាងលោក ត្រាំ និងអធិការបតីអាល្លឺម៉ង់ លោក ហ្វ្រីទ្រីក មើស (Friedrich Merz) ផងដែរ។ លោក មើស បានលើកឡើងថា ភាគីអ៊ីរ៉ង់កំពុងធ្វើឱ្យអាម៉េរិកអាម៉ាស់មុខនៅក្នុងកិច្ចចរចាបញ្ចប់សង្គ្រាម។ លោកបន្តថា រដ្ឋធានីវ៉ាស៊ីនតោនមិនមានយុទ្ធសាស្ត្របញ្ចប់សង្គ្រាមច្បាស់លាស់នោះទេ។ យ៉ាងណា មន្ត្រីអាម៉េរិកជាន់ខ្ពស់ម្នាក់បានលើកឡើងថា ការប្រតិកម្មរបស់លោក ត្រាំ គឺជារឿងសមស្របទៅនឹងសម្ដីរបស់មេដឹកនាំអាល្លឺម៉ង់។ សូមជម្រាបថា អាម៉េរិក មានកងទ័ពសរុបប្រហែល៣៥០០០នាក់នៅអាល្លឺម៉ង់ ដែលជាចំនួនច្រើនជាងគេនៅអឺរ៉ុប។

លោក ត្រាំ ថែមទាំងគំរាមកំហែងដល់ប្រទេសអឺរ៉ុបផ្សេងទៀត ដែលមិនគាំទ្រប្រតិបត្តិការយោធារបស់អាម៉េរិកក្នុងសង្គ្រាមអ៊ីរ៉ង់។ ជាក់ស្តែង អេស្ប៉ាញ ប្រឈមនឹងការកាត់ផ្តាច់ពាណិជ្ជកម្ម បន្ទាប់ពីបដិសេធមិនឱ្យអាម៉េរិកប្រើប្រាស់មូលដ្ឋានទ័ព ឬដែនអាកាសដើម្បីវាយប្រហារលើអ៊ីរ៉ង់។ លើសពីនេះ លោក ត្រាំ បានរិះគន់អ៊ីតាលីថា «ខ្វះភាពក្លាហាន និងធ្វើឱ្យអាម៉េរិកខកចិត្ត»។ មិនតែប៉ុណ្ណោះ លោក ត្រាំ បានស្តីបន្ទោសសម្ព័ន្ធមិត្តណាតូផងដែរ ដែលមិនបានបញ្ជូនកងទ័ពជើងទឹកទៅជួយបើកច្រកសមុទ្ទហ័រមូស្ស ដែលជាដង្ហើមប្រេង២០ភាគរយរបស់ពិភពលោក៕



