
រដ្ឋធានីវ៉ាស៊ីនតោន៖ ភាពតានតឹងរវាងសហរដ្ឋអាម៉េរិក និងអាល្លឺម៉ង់ បានឈានដល់កម្រិតថ្មីមួយទៀត បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃទី២៩ ខែមេសាថា រដ្ឋបាលរបស់លោកកំពុងពិចារណាកាត់បន្ថយចំនួនកងទ័ពអាម៉េរិកដែលឈរជើងនៅអាល្លឺម៉ង់។

ការគំរាមកំហែងនេះ កើតឡើងបន្ទាប់ពីលោក ត្រាំ បានរិះគន់រដ្ឋធានីប៊ែរឡាំង និងសម្ព័ន្ធមិត្តណាតូផ្សេងទៀតយ៉ាងចាស់ដៃថា មិនបានបញ្ជូនកម្លាំងជើងទឹកទៅជួយបើកច្រកសមុទ្ទហ័រមូស្ស ក្នុងអំឡុងអាម៉េរិកកំពុងធ្វើសង្រ្គាមប្រឆាំងអ៊ីរ៉ង់។ លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Truth Social ថា៖«សហរដ្ឋអាម៉េរិកកំពុងសិក្សា និងពិនិត្យមើលលទ្ធភាពនៃការកាត់បន្ថយកងទ័ពនៅក្នុងប្រទេសអាល្លឺម៉ង់ ហើយការសម្រេចចិត្តនឹងត្រូវធ្វើឡើងក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ»។ គម្រោងដកទ័ពនេះមិនមែនជារឿងថ្មីសន្លាងនោះទេ ដ្បិតមន្ត្រីជាន់ខ្ពស់សេតវិមានម្នាក់ធ្លាប់បានបង្ហើបកាលពីដើមខែមេសានេះថា លោក ត្រាំ ពិតជាបានពិភាក្សាអំពីលទ្ធភាពនៃការដកកងទ័ពអាម៉េរិកមួយចំនួនចេញពីតំបន់អឺរ៉ុបពិតប្រាកដមែន។

របាយការណ៍ពីមជ្ឈមណ្ឌលទិន្នន័យកម្លាំងពលកម្មការពារជាតិអាម៉េរិក បង្ហាញថា គិតត្រឹមខែធ្នូ ឆ្នាំ២០២៥ សហរដ្ឋអាម៉េរិកមានបុគ្គលិកយោធាសកម្មប្រមាណជាង៦៨ ០០០នាក់ ដែលកំពុងឈរជើងជាអចិន្ត្រៃយ៍នៅតាមមូលដ្ឋានទ័ពនានាក្នុងទ្វីបអឺរ៉ុប។ ក្នុងចំណោមនោះ ទ័ពជាងពាក់កណ្តាល ឬប្រហែល៣៦៤០០នាក់ កំពុងឈរជើងនៅក្នុងប្រទេសអាល្លឺម៉ង់។ ជម្លោះនេះកាន់តែក្ដៅគគុកបន្ទាប់ពីមានការប៉ះទង្គិចពាក្យសម្តីរវាងលោក ត្រាំ និងអធិការបតីអាល្លឺម៉ង់ លោក ហ្វ្រីទ្រិច មើស (Friedrich Merz) បន្ទាប់ពីមេដឹកនាំអាល្លឺម៉ង់រូបនេះបានលើកឡើងថា អ៊ីរ៉ង់កំពុងធ្វើឱ្យអាម៉េរិកអាម៉ាស់មុខនៅក្នុងកិច្ចចរចាសន្តិភាព។ ការបញ្ជាក់ជំហរជាថ្មីរបស់លោក ត្រាំ នៅពេលនេះ កំពុងបង្កើតឱ្យមានក្ដីបារម្ភចំពោះស្ថិរភាពសន្តិសុខក្នុងតំបន់ និងទំនាក់ទំនងរវាងអាម៉េរិកជាមួយសម្ព័ន្ធមិត្តអឺរ៉ុប៕




