មន្ទីរបញ្ចកោណ៖ សង្រ្គាមនៅមជ្ឈិមបូព៌ាស៊ីដាច់លុយអាម៉េរិក២៥ពាន់លានដុល្លារ ក្នុងរយៈពេល២ខែ
N
Nary Vann
4 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ ជាលើកដំបូងបំផុត ចាប់តាំងពីសង្រ្គាមបានផ្ទុះឡើង មន្ត្រីជាន់ខ្ពស់នៃក្រសួងសង្គ្រាមសហរដ្ឋអាម៉េរិក បានទម្លាយកាលពីថ្ងៃទី២៩ ខែមេសាថា សង្រ្គាមដែលសហរដ្ឋអាម៉េរិកកំពុងធ្វើនៅប្រទេសអ៊ីរ៉ង់ បានចំណាយថវិកាជាតិអស់ប្រមាណ ២៥ពាន់លានដុល្លារហើយ រហូតមកទល់ពេលនេះ...។

លោក ជូឡេស ហឺសត៍ (Jules Hurst) មន្ត្រីទទួលបន្ទុកផ្នែកហិរញ្ញវត្ថុនៃមន្ទីរបញ្ចកោណ បានប្រាប់សមាជិកសភាថា ថវិកាភាគច្រើនលើសលប់ត្រូវបានប្រើប្រាស់ទៅលើគ្រាប់រំសេវ និងយុទ្ធភណ្ឌដទៃទៀត ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតថា តើតួលេខនេះ រួមបញ្ចូលទាំងការជួសជុលហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានទ័ពដែលរងការខូចខាតនៅមជ្ឈិមបូព៌ា ដែរឬយ៉ាងណានោះទេ។ ការទម្លាយតួលេខដ៏មហិមានេះ បានក្លាយជាអាវុធនយោបាយដ៏សំខាន់សម្រាប់គណបក្សប្រជាធិបតេយ្យ ក្នុងការវាយប្រហារលើរដ្ឋបាល លោក ដូណាល់ ត្រាំ ខណៈការបោះឆ្នោតពាក់កណ្តាលអាណត្តិកាន់តែកៀកចូលមកដល់។ តំណាងរាស្ត្របក្សប្រឆាំង បានរិះគន់ថា រដ្ឋបាលលោក ត្រាំ បានព្យាយាមលាក់បាំងការចំណាយលើសង្រ្គាមនេះជាយូរមកហើយ។

បច្ចុប្បន្ន ប្រជាប្រិយភាពរបស់ ត្រាំ បានធ្លាក់ចុះមកត្រឹម៣៤ភាគរយប៉ុណ្ណោះ នេះបើយោងតាមការស្ទង់មតិរបស់ Reuters/Ipsos ខណៈពលរដ្ឋអាម៉េរិកកាន់តែច្រើនឡើង សម្ដែងការមិនពេញចិត្តចំពោះសង្រ្គាម ដែលមិនត្រឹមតែបំផ្លាញថវិកាជាតិ និងធ្វើឱ្យទាហានសហរដ្ឋអាម៉េរិក១៣នាក់បាត់បង់ជីវិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរុញច្រានតម្លៃប្រេងឥន្ធនៈ និងទំនិញប្រើប្រាស់ឱ្យហក់ឡើងខ្ពស់កប់ពពក។ គិតចាប់តាំងពីបើកការវាយប្រហាររួមគ្នាជាមួយអ៊ីស្រាអែល កាលពីថ្ងៃទី២៨ ខែកុម្ភៈ សហរដ្ឋអាម៉េរិក បានបញ្ជូនកងទ័ពរាប់ម៉ឺននាក់ និងនាវាផ្ទុកយន្តហោះចំនួន៣គ្រឿងទៅកាន់តំបន់មជ្ឈិមបូព៌ា។ ទោះបីជាបច្ចុប្បន្ន ភាគីទាំងពីរកំពុងស្ថិតក្នុងស្ថានភាពបទឈប់បាញ់ដ៏ផុយស្រួយក៏ដោយ ប៉ុន្តែផលប៉ះពាល់សេដ្ឋកិច្ចពីការរំខានដល់ការនាំចេញប្រេង និងឧស្ម័នធម្មជាតិ បានបង្កឱ្យមានវិបត្តិអតិផរណា និងការឡើងថ្លៃជីកសិកម្មយ៉ាងធ្ងន់ធ្ងរ។

សម្រាប់លោក ដូណាល់ ត្រាំ សង្រ្គាមនៅអ៊ីរ៉ង់ មិនត្រឹមតែជាសមរភូមិយោធាប៉ុណ្ណោះទេ ប៉ុន្តែវាកំពុងក្លាយជាសមរភូមិនយោបាយដ៏គ្រោះថ្នាក់ ដែលអាចធ្វើឱ្យគណបក្សសាធារណរដ្ឋបាត់បង់សំឡេងភាគច្រើននៅក្នុងសភា ប្រសិនបើវិបត្តិសេដ្ឋកិច្ច និងសន្តិសុខនេះ មិនត្រូវបានដោះស្រាយឱ្យបានទាន់ពេលវេលាទេនោះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត