អ៊ីរ៉ង់ព្រមានវាយបកឱ្យចាស់ដៃបំផុត បើអាម៉េរិកហ៊ានចុចប៊ូតុងសង្គ្រាមសាជាថ្មី
ហៀប ស៊ីថេត
2 ម៉ោងមុន

តេហេរ៉ង់៖ ភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា នៅតែកម្រើកឡើងដដែល បន្ទាប់ពីអ៊ីរ៉ង់បានបញ្ចេញប្រតិកម្មដ៏មុតស្រួចកាលពីថ្ងៃព្រហស្បតិ៍ទី៣០ ខែមេសា ដោយព្រមានសងសឹកតាមរយៈការវាយប្រហាររយៈពេលវែង និងយ៉ាងចាស់ដៃបំផុត លើរាល់ទីតាំងយោធារបស់សហរដ្ឋអាម៉េរិក ប្រសិនបើលោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ជាឱ្យមានរលកនៃការវាយប្រហារថ្មីណាមួយជាមុនទៀតនោះ។ 

មេដឹកនាំកំពូលអ៊ីរ៉ង់ លោក មុចតាបា ខាមេនី (Mojtaba Khamenei) បានផ្ញើសារព្រមានចំៗទៅកាន់សហរដ្ឋអាម៉េរិកថា ជនបរទេស (សំដៅលើកងទ័ពអាម៉េរិក) ដែលមកពីចម្ងាយរាប់ពាន់គីឡូម៉ែត្រ គ្មានកន្លែងស្នាក់នៅឡើយ ក្រៅពីបាតសមុទ្ទ។ ការថ្លែងបែបនេះធ្វើឡើងស្របពេលអ៊ីរ៉ង់នៅតែបន្តក្តាប់ណែននូវច្រកសមុទ្ទហ័រមូស្ស ដែលជាសរសៃឈាមសេដ្ឋកិច្ចពិភពលោក បើទោះបីជាមានការដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរពីសំណាក់លោក ដូណាល់ ត្រាំ ក៏ដោយ។

លោក មុចតាបា ខាមេនី
លោក មុចតាបា ខាមេនី

យោងតាមប្រភពពីសេតវិមាន លោក ត្រាំ កំពុងពិនិត្យលើជម្រើសយោធាជាច្រើន រួមទាំងការប្រើប្រាស់កម្លាំងទ័ពជើងគោក ដើម្បីចូលទៅគ្រប់គ្រងផ្នែកខ្លះនៃច្រកសមុទ្ទហ័រមូស្ស ក្នុងគោលបំណងបង្ខំឱ្យអ៊ីរ៉ង់ចុះចាញ់ និងបើកផ្លូវឱ្យនាវាពាណិជ្ជកម្ម ធ្វើចរាចរណ៍ឡើងវិញ។ ជុំវិញការផ្លោងពាក្យសម្តីដាក់គ្នានេះ បានធ្វើឱ្យតម្លៃប្រេងពិភពលោកហក់ឡើងដល់១២៦ដុល្លារក្នុងមួយបារ៉ែល កាលពីថ្ងៃពុធទី២៩ ខែមេសា។

លោក ដូណាល់ ត្រាំ
លោក ដូណាល់ ត្រាំ

អង្គការសហប្រជាជាតិ បានចេញមុខព្រមានថា ប្រសិនបើច្រកសមុទ្ទហ័រមូស្សនៅតែបន្តបិទខ្ទប់បែបនេះ ការផ្គត់ផ្គង់ថាមពលសកល២០ភាគរយនឹងត្រូវកាត់ផ្ដាច់ទាំងស្រុង ហើយអតិផរណា នឹងកើនឡើងឥតឈប់ឈរ ទន្ទឹមនឹងមនុស្សរាប់សិបលាននាក់ នឹងធ្លាក់ចូលក្នុងអន្លង់នៃភាពអត់ឃ្លាន និងក្រីក្របំផុត។ ស្របពេលមានភាពតានតឹងបែបនេះ អារ៉ាប់រួម បានចេញបញ្ជាឱ្យពលរដ្ឋខ្លួនចាកចេញពីអ៊ីរ៉ង់ លីបង់ និងអ៊ីរ៉ាក់ ជាបន្ទាន់។ ចំណែកឯអាម៉េរិក កំពុងព្យាយាមបង្កើតសម្ព័ន្ធភាព«សេរីភាពដែនសមុទ្ទ» ដើម្បីត្រៀមលក្ខណៈវាយបំបែកការបិទខ្ទប់របស់អ៊ីរ៉ង់ ប៉ុន្តែសម្ព័ន្ធមិត្តអឺរ៉ុបហាក់នៅមានភាពរារែក ព្រោះមិនចង់ឱ្យភ្លើងសង្គ្រាមបន្តឆាបឆេះឡើយ។ តើលោក ដូណាល់ ត្រាំ នឹងសម្រេចចិត្តចុចប៊ូតុងសង្គ្រាមសាជាថ្មី ឬជ្រើសផ្លូវចរចា?

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត