
ខេត្តសៀមរាប៖ អាជ្ញាធរជាតិអប្សរា រួមជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការគ្នាបង្កើតឱ្យមានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈមរតកដូនតា មានដូចជា គំនូរបុរាណ កុលាលភាជន៍ ខ្មុកម្រ័ក្សណ៍ ចម្លាក់ថ្ម និងចម្លាក់ពុម្ព ដោយមានលោក គង់ វិបុល ជាអ្នកបង្ហាត់បង្រៀន។

អាជ្ញាធរជាតិអប្សរា ផ្សាយលើបណ្តាញសង្គមកាលពីថ្ងៃទី៣០មេសា ឆ្នាំ២០២៦ថា ការបង្រៀននេះ បានចាប់ផ្តើមកាលពីខែមេសា ឆ្នាំ២០២៥កន្លងទៅ។ គិតមកទល់ពេលនេះមានរយៈពេលមួយឆ្នាំហើយ ដោយមានសិក្ខាកាម១៥រូប ភាគច្រើនជាស្ត្រី ដែលរស់នៅក្នុងក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប។ ចម្លាក់ពុម្ព ជាចំណេះដឹងទូទៅមួយ ដែលក្តោបលើជំនាញចម្លាក់ផ្សេងៗដូចជា ចម្លាក់ប្រាក់ ចម្លាក់ស្ពាន់ ។ល។ លោក គង់ វិបុល ពន្យល់ថា ក្នុងការបង្រៀននេះ មុនដំបូងឱ្យសិក្ខាកាមរៀនពីទ្រឹស្តី និងសូនដីឥដ្ឋ ហើយក្រោយមកធ្វើជាម្នាងសិលា។ ក្នុងគម្រោងដែលមានរយៈពេលមួយឆ្នាំ ការសិក្សាអនុវត្តត្រឹមការសូនដី និងម្នាងសិលាតែប៉ុណ្ណោះ ហើយគ្រូបង្ហាត់រូបនេះ ចង់ឱ្យគម្រោងបន្តទៅមួយវគ្គទៀត ដើម្បីឱ្យសិស្សរៀនបានគ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅទៅលើចម្លាក់ពុម្ព។

លោក គង់ វិបុល កោតសរសើរចំពោះសិស្សទាំង១៥រូប ដែលខិតខំរៀនសូត្របានល្អប្រសើរ លើជំនាញចម្លាក់ពុម្ព។ លោក បន្តថា ទោះការរៀនមានភាពលំបាកច្រើនក៏ពិតមែន តែតាមរយៈការតស៊ូ ព្យាយាម និងភាពអត់ធ្មត់ ធ្វើឱ្យការរៀនសូត្ររបស់ពួកគេ ប្រព្រឹត្តទៅដោយរលូន អាចយកចំណេះដឹងទាំងនោះ ទៅអនុវត្តបានមួយកម្រិត។ ជាមួយគ្នា អ្នកស្រី បុប្ផា ជាសិក្ខាកាមម្នាក់ បានបង្ហាញពីអារម្មណ៍រីករាយជាខ្លាំង នៅពេលបានរៀនជំនាញដូនតា ដែលជាផ្នែកមួយអាចចូលរួមអភិរក្ស ថែរក្សា ក៏ដូចជាទុកបង្រៀនតទៅដល់កូនចៅជំនាន់ក្រោយៗទៀត ដើម្បីកុំឱ្យបាត់បង់មរតកដូនតា៕





