
រាជធានីភ្នំពេញ៖ សមត្ថកិច្ច បានឃាត់ខ្លួនជនបង្ក ក្នុងករណីបើករថយន្តបុកម៉ូតូសណ្តោងរ៉ឺម៉ក បណ្ដាលឱ្យបុរសជាជនរងគ្រោះបាត់បង់ជីវិតភ្លាមៗ កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ នៅមុខវត្តវាលស្បូវ ផ្លូវជាតិលេខ១ ភូមិតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ...។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញរបាយការណ៍លើទំព័រហ្វេសប៊ុកថា សមត្ថកិច្ចបានឃាត់ខ្លួនជនបង្កជានិស្សិត ឈ្មោះ វ៉ា សុភ័ក្ត្រ អាយុ២៣ឆ្នាំ ក្រោយបើករថយន្តម៉ាក LEXUS NX350 ពណ៌ស ពាក់ស្លាកលេខ កម្ពុជា .VSP.2727 ពីកើតទៅលិចក្នុងល្បឿនលឿន បុកម៉ូតូសណ្តោងរ៉ឺម៉កពីក្រោយ ហើយអូសបន្តទៅបុកបង្គោលដងទង់បាក់អស់៣ដើម និងបង្គោលស្លាកសញ្ញាចំណតរថយន្ត១ដើមទៀត នៅមុខវត្តវាលស្បូវ។ (រថយន្តទំនើបនេះ អាចមានតម្លៃខ្ទង់៤-៥ម៉ឺនដុល្លារ ឬអាចថ្លៃជាងនេះ)។

ពេលកើតគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ ភ្លាមៗនោះ អណ្ដាតភ្លើងក៏បានឆាបឆេះរថយន្ត និងបង្កការភ្ញាក់ផ្អើល រហូតរថយន្តពន្លត់អគ្គិភ័យរបស់សាលាខណ្ឌច្បារអំពៅ ចេញទៅបាញ់ទឹកពន្លត់។ បន្ទាប់ពីកើតហេតុ សមត្ថកិច្ច បាននាំខ្លួននិស្សិតប្រុសវ័យក្មេងជាម្ចាស់រថយន្ត ទៅការិយាល័យនគរបាលជំនាញ ដើម្បីសាកសួរព័ត៌មានបន្ថែម និងពិនិត្យឃើញជាតិអាល់កុលដល់ទៅ០.៩២មិល្លីក្រាមឯណោះ (ជាកម្រិតដ៏ខ្ពស់)។ បច្ចុប្បន្ន សមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕




