
រាជធានីភ្នំពេញ៖ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាក់ឡើងវិញ ពីផែនការយកក្មេងទំនើងឱ្យទៅសមរភូមិមុខ។ សម្តេច មានភាពចាំបាច់ត្រូវពន្យល់សាជាថ្មី ក៏ព្រោះតែសម្តេច សង្កេតឃើញមានមតិយល់ច្រឡំលាយលំជាមួយការរិះគន់ពីសំណាក់អ្នកមានទិន្នាការជំទាស់ថា ក្មេងទំនើងទាំងនោះ នឹងក្លាយជាកងទ័ពជួរមុខ។

សម្ដេចនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា សម្ដេចបានប្រគល់ភារកិច្ចនេះដល់លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ឱ្យពិនិត្យមើលច្បាប់៖ ទី១.តើច្បាប់អាចអនុញ្ញាតឱ្យយកក្មេងទំនើង ទៅធ្វើសកម្មភាពការងារមួយចំនួន បម្រើដល់សមរភូមិមុខដែរឬទេ? ទី២.យកក្មេងទំនើងទាំងនោះ ទៅធ្វើសកម្មភាពបម្រើសមរភូមិមុខ មិនមែនបញ្ជូនទៅឱ្យកាន់កាំភ្លើង[ក្នុងជួរកងទ័ព]ឡើយ។ ប្រមុខរាជរដ្ឋាភិបាល បន្តថា ក្មេងទំនើងដែលប្រព្រឹត្តខុស គឺត្រូវអនុវត្តច្បាប់ជាធរមាន តែក៏ត្រូវពិនិត្យមើលដែរ ពីការបញ្ជូនពួកគេទៅឱ្យធ្វើពលកម្មបន្ថែមនៅតាមព្រំដែន ដូចជា ជួយចាក់បេតុងធ្វើលេណដ្ឋាន ជាដើម។

ជាមួយគ្នា សម្តេចធិបតី ផ្ញើសារទៅកាន់ប្រជាជនថា សង្គមជាតិមួយរីកចម្រើន ទាល់តែប្រជាជនមានវិន័យ សមត្ថភាព ឆន្ទៈ និងការទទួលខុសត្រូវខ្ពស់។ សម្តេច ចែករំលែកទស្សនៈបន្ថែមថា ទិសដៅក្នុងការកសាងប្រទេសជាតិ គឺប្រជាជនគ្រប់រូបត្រូវតែជាធនធានរបស់ជាតិ មិនមែនជាបន្ទុករបស់ជាតិឡើយ៕



