
ខេត្តកោះកុង៖ មន្រ្តីជលផលបានលែងអណ្តើកហ្លួង២០ក្បាល ជាប្រភេទសត្វកំពុងទទួលរងគ្រោះជិតផុតពូជបំផុត ចូលទៅក្នុងប្រព័ន្ធព្រែកស្រែអំបិល ខេត្តកោះកុង។ នេះបើតាមការឱ្យដឹងពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី៣០មេសា។

ក្រសួងកសិកម្ម បញ្ជាក់ថា ការលែងអណ្ដើកហ្លួងនាពេលនេះ បង្ហាញពីជំហានជោគជ័យថ្មីមួយទៀត ដែលជាកិច្ចខិតខំប្រឹងប្រែងដ៏យូរអង្វែងក្នុងការស្តារប្រភេទសត្វអណ្ដើកនេះ ឱ្យមានចំនួនច្រើនឡើងវិញ ក្រោមការដឹកនាំរបស់អគ្គនាយកដ្ឋានជលផល ដោយមានការគាំទ្រពីរដ្ឋបាលខេត្តកោះកុង រដ្ឋបាលខេត្តព្រះសីហុនុ មន្ទីរកសិកម្មខេត្តកោះកុង មន្ទីរកសិកម្មព្រះសីហនុ អាជ្ញាធរមូលដ្ឋាន សហគមន៍ការពារសម្បុកអណ្តើកហ្លួង និងអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS)។ លើសពីនេះ មានមូលនិធិ និងអង្គការនានា ជាដៃគូគាំទ្រកិច្ចខិតខំប្រឹងប្រែង ស្តារចំនួនអណ្តើកហ្លួងឡើងវិញ។

ក្រសួងបន្ថែមថា ក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមក អណ្តើកហ្លួងជាង២០០ក្បាល ត្រូវបានលែងចូលក្នុងទីជម្រកធម្មជាតិវិញដោយជោគជ័យ។ ការកិច្ចខិតខំប្រឹងប្រែងស្តារចំនួនអណ្តើកហ្លួងឡើងវិញ បានផ្តោតលើការការពារសម្បុក ការចិញ្ចឹមថែទាំកូនអណ្ដើករហូតដល់ពួកវាធំពេញវ័យ អាចលែងឱ្យរស់រានបានដោយខ្លួនឯង ក្នុងទីជម្រកធម្មជាតិ។ សូមជម្រាបថា អណ្តើកហ្លួង ត្រូវបានស្គាល់ទូទាំងពិភពលោក ជាភាសាអង់គ្លេសថា Southern River Terrapin មានឈ្មោះវិទ្យាសាស្រ្តថា Batagur Affinis គឺជាប្រភេទអណ្ដើកទឹកសាបមួយ ក្នុងចំណោមប្រភេទអណ្ដើកទឹកសាបទាំងអស់ក្នុងពិភពលោក ដែលទទួលរងការគំរាមកំហែងបំផុត។ សត្វអណ្តើកហ្លួង ត្រូវបានកំណត់ជា សត្វលូនជាតិរបស់ប្រទេសកម្ពុជាក្នុងឆ្នាំ២០០៥៕



