ខ្យល់កន្ត្រាក់នៅថៃ ផ្តា.ច់ជីវិ.តមនុស្សម្នាក់ និងរបួ.ស១១នាក់
ហៀប ស៊ីថេត
4 ម៉ោងមុន

រាជធានីបាងកក៖ ផ្ទាំងប៉ាណូខ្លោងទ្វារដ៏ធំមួយ បានបាក់រលំក្នុងអំឡុងពេលមានព្យុះភ្លៀង និងខ្យល់កន្រ្តាក់ នៅក្នុងខេត្តសារៈបុរី (Saraburi) បណ្ដាលឱ្យយុវជនអាយុ១៧ឆ្នាំម្នាក់បាត់បង់ជីវិត និង មនុស្ស១១នាក់ទៀតរងរបួស ពេលពួកគេកំពុងរង់ចាំចូលទស្សនាការប្រគំតន្ត្រី។

ព្យុះរដូវក្ដៅលាយឡំខ្យល់កន្ត្រាក់យ៉ាងខ្លាំងក្លានេះ បានបោកបក់កាត់កម្មវិធី«វ៉ាន់ឡៃសង្ក្រាន្ត (Wan Lai Songkran)»នៅផ្សារផុងសិរី(Pongsiri)​ ក្នុងឃុំគោកសាវង្ស (Khok Sawang) ស្រុកមឿង ខេត្តសារៈបុរី។ ខ្យល់ដ៏កំណាចបានធ្វើឱ្យរចនាសម្ព័ន្ធខ្លោងទ្វារច្រកចូលដ៏ធំបាក់រលំសង្កត់លើក្រុមមនុស្ស ដែលកំពុងឈរត្រៀបត្រារង់ចាំចូលទៅកាន់ទីតាំងប្រគំតន្ត្រី។ បញ្ហានេះបានបណ្ដាលឱ្យមានការកកស្ទះយ៉ាងខ្លាំងនៅជិតច្រកចូល ធ្វើឱ្យប្រជាពលរដ្ឋដែលឈរនៅខាងមុខ មានការភ័យស្លន់ស្លោ និងរងរបួសជាច្រើននាក់ភ្លាមៗ។

រូបភាព៖ The Nation
រូបភាព៖ The Nation

ក្រុមអ្នកជួយសង្គ្រោះបានប្រញាប់ប្រញាល់ទៅជួយ ប៉ុន្តែពេលនោះ មានយុវជនអាយុ១៧ឆ្នាំម្នាក់ ត្រូវបានបញ្ជាក់ថាបានស្លាប់ ចំណែកមនុស្សសរុប១១នាក់ទៀតបានរងរបួស ដោយក្នុងនោះមានស្ត្រី៦នាក់ និងបុរស ៥នាក់។ ជនរងគ្រោះទាំងអស់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យសារៈបុរីភ្លាមៗ។ បច្ចុប្បន្ន អាជ្ញាធរកំពុងបន្តត្រួតពិនិត្យមើលរចនាសម្ព័ន្ធខ្លោងទ្វារនោះ ក៏ដូចជាវិធានការបង្ការគ្រោះថ្នាក់ ដែលបង្កឡើងដោយអាកាសធាតុ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត