
រាជធានីបាងកក៖ ថៃកើតទុកមិនសុខចិត្តនឹងកម្ពុជា ចំពោះការពន្យារពេលបើកច្រកព្រំដែនឡើងវិញ ព្រោះជនជាតិថៃជាង៦០០នាក់ កំពុងជាប់គាំងនៅច្រកព្រំដែនក្រុងប៉ោយប៉ែត។ ឃើញឱកាសល្អបែបនេះ ភាគីថៃបានព្យាយាមប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយបំប៉ោងព័ត៌មាន ដើម្បីទម្លាក់កំហុសមកលើកម្ពុជា ថា បានបង្កភាពយឺតយ៉ាវក្នុងការបើកច្រកព្រំដែនអន្តរជាតិខ្លងលឹក-ប៉ោយប៉ែត។ យ៉ាងណា ការដែលថៃធ្វើបែបនេះ គឺមិនខុសអីពីយកដុំថ្មទម្លាក់លើជើងខ្លួនឯងនោះទេ ព្រោះតាំងពីដើមមក ថៃគឺជាអ្នកប្រកាសបិទព្រំដែនជាឯកតោភាគី តាមទំនើងចិត្ត តាំងពីខែមិថុនា ឆ្នាំ២០២៥ មកម្ល៉េះ។

នៅថ្ងៃព្រហស្បតិ៍ទី៣០ ខែមេសា ឆ្នាំ២០២៦ រាជធានីបាងកក បានចោទកម្ពុជាទាំងទទឹងទិសថា ជនជាតិថៃប្រមាណ៦៣៥នាក់ បានជាប់គាំងនៅត្រើយម្ខាងនៃច្រកព្រំដែននៃប្រទេសកម្ពុជា ព្រោះកម្ពុជាបង្កភាពយឺតយ៉ាវក្នុងការបើកច្រកព្រំដែនអន្តរជាតិខ្លងលឹក-ប៉ោយប៉ែត។ នេះបង្ហាញថា ភាគីថៃ ព្យាយាមសម្ដែងធ្វើតួកម្សត់ ទាំងដែលថៃជាអ្នកទាញទ្វាររបងច្រកព្រំដែនទាំង១៧កន្លែងបិទជាមួយកម្ពុជា ដោយឯកតោភាគី គ្មានកាលកំណត់។ យ៉ាងណា ពេលនេះ ភាគីថៃបែរជាកើតទុក្ខមិនសុខចិត្ត ថា កម្ពុជាមិនព្រមបើកទ្វារតាមការចង់បានរបស់ខ្លួនទៅវិញ។

ជាមួយគ្នានេះ រដ្ឋមន្ត្រីការពារជាតិថៃ បាននិយាយទាំងភាពក្រអឺតក្រទមកាលពីថ្ងៃទី២៤ មេសា ថា ព្រំដែននឹងមិនបើកដាច់ខាត លុះត្រាតែកម្ពុជាអនុវត្តតាមសេចក្តីថ្លែងការណ៍រួមនៃកិច្ចព្រមព្រៀងបទឈប់បាញ់ តាមលក្ខខណ្ឌដែលថៃចង់បាន ទាំងដែលកម្ពុជាតែងគោរព និងអនុវត្តបទឈប់បាញ់នេះយ៉ាងខ្ជាប់ខ្ជួន។ នេះបានបង្ហាញប្រត្យក្សថា ថៃកំពុងប្រើប្រាស់ពលរដ្ឋខ្លួនឯង ធ្វើជាចំណាប់ខ្មាំងនយោបាយ ដើម្បីដាក់សម្ពាធកម្ពុជា។ គួរបញ្ជាក់ថា កម្ពុជាមិនមែនជាអ្នកក្រោមបង្គាប់ដែលត្រូវបើក ឬបិទព្រំដែនតាមបទបញ្ជារបស់ថៃឡើយ ខណៈមន្ត្រីថៃកំពុងទន្ទឹងរង់ចាំពលរដ្ឋខ្លួនទាំងជាង៦០០នាក់យ៉ាងអន្ទះសា៕




