
រាជធានីបាងកក៖ ស្ថានទូតចិនប្រចាំរាជធានីបាងកក បានចេញសេចក្តីជូនដំណឹងអាសន្នអំពីសុវត្ថិភាពមួយ ដោយព្រមានប្រជាពលរដ្ឋចិនត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះល្បិចបោកប្រាស់ ដែលអូសទាញក្រុមមនុស្សមកកាន់តំបន់ព្រំដែនថៃ-ភូមា ក្រោមរូបភាព ភូតភរ និងការបោកបញ្ឆោតផ្សេងៗ។ នេះបើតាមការចុះផ្សាយដោយកាសែត China Daily នាពេលថ្មីនេះ...។

ស្ថានទូតចិនបានបញ្ជាក់ថា ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីមានករណីថ្មីៗជាបន្តបន្ទាប់ ដែលពលរដ្ឋចិនត្រូវបានគេល្បួងលួងលោមតាមរយៈការសន្យាផ្តល់ការងារ ដែលមានប្រាក់ចំណូលខ្ពស់ ឬកញ្ចប់ដំណើរកម្សាន្ត ដើម្បីឱ្យពួកគេធ្វើដំណើរទៅកាន់តំបន់ព្រំដែន ប៉ុន្តែធាតុពិតជាការឆបោកតាមទូរសព្ទ និងការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិតជាដើម។ យោងតាមសេចក្តីថ្លែងការណ៍ ជនរងគ្រោះមួយចំនួនត្រូវបានឃុំឃាំង បង្ខំឱ្យប្រើអំពើហិង្សា និងការឃុំខ្លួនដោយខុសច្បាប់ ដែលបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់អាយុជីវិត សុវត្ថិភាពផ្ទាល់ខ្លួន និងសិទ្ធិស្របច្បាប់របស់ពួកគេ។ ជាមួយគ្នា ស្ថានទូតបានជំរុញឱ្យប្រជាពលរដ្ឋចិន ដែលទៅទស្សនាប្រទេសថៃ យល់ដឹងពីហានិភ័យ ចេះការពារសុវត្ថិភាពខ្លួនឯង និងជៀសវាងការចូលរួមក្នុងសកម្មភាពខុសច្បាប់នានា។

ស្ថានទូតចិន ក៏បានផ្តល់ដំបូន្មានដល់ប្រជាពលរដ្ឋដូចជា កុំជឿលើការផ្សាយពាណិជ្ជកម្ម ដែលចែកចាយតាមបណ្តាញសង្គម កម្មវិធីវីដេអូខ្លីៗ ឬកម្មវិធីផ្ញើសារផ្សេងៗ ដែលផ្សព្វផ្សាយអំពីការផ្ដល់ជូនការងារដែលមានប្រាក់ចំណូលខ្ពស់ ការអញ្ជើញដើរកម្សាន្តជាក្រុម ឬឱកាសការងារនៅក្រៅប្រទេស ដោយគ្មានលក្ខខណ្ឌ។បន្ថែមលើនេះ ស្ថានទូតចិន ក៏បានព្រមានផងដែរថា ការឆបោកតាមទូរសព្ទ ការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត និងបទល្មើសពាក់ព័ន្ធផ្សេងៗ នឹងត្រូវទទួលទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរក្រោមច្បាប់របស់ប្រទេសចិន និងច្បាប់នៃប្រទេសដែលពាក់ព័ន្ធ។ សូមជម្រាបថា តំបន់ព្រំដែនថៃ-ភូមា កំពុងស្ថិតនៅក្រោមការឃ្លាំមើលយ៉ាងតឹងរឹងបំផុត ពាក់ព័ន្ធនឹងទីតាំងឧក្រិដ្ឋកម្ម ដែលរងការចោទប្រកាន់ថា បានជួញដូរមនុស្ស បង្ខាំងមនុស្ស និងបង្ខំជនរងគ្រោះឱ្យចូលរួមក្នុងប្រតិបត្តិការបោកប្រាស់ឆ្លងដែន។

សេចក្តីជូនដំណឹងអាសន្នរបស់ស្ថានទូតចិន នាពេលនេះ គឺជាតឹកតាងមិនអាចប្រកែកបាន ដែលបង្ហាញថា ទឹកដីថៃ គឺជាមជ្ឈមណ្ឌលឆបោកអនឡាញ និងជាច្រកឆ្លងកាត់ដ៏គ្រោះថ្នាក់បំផុតសម្រាប់ឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស និងការបង្ខាំងមនុស្សដោយខុសច្បាប់។ វាជារឿងដែលគួរឱ្យហួសចិត្តបំផុត ដែលកន្លងមក អាជ្ញាធរ និងប្រព័ន្ធផ្សព្វផ្សាយថៃ តែងតែលើកដៃចង្អុលចោទប្រកាន់កម្ពុជាដោយគ្មានមូលដ្ឋាន និងព្យាយាមលាបពណ៌កម្ពុជាថា ជាទីតាំងនៃបទល្មើសទាំងនេះ ប៉ុន្តែបែរជាត្រូវប្រទេសចិន បកអាក្រាតថាជាជង្រុកនៃក្រុមឧក្រិដ្ឋជនអានឡាញទៅវិញ។ ការព្រមានរបស់មហាយក្សចិនចំៗនេះ បានបកអាក្រាតនូវមុខមាត់ពិតរបស់ថៃ ដែលបង្កប់ដោយអន្ទាក់ឧក្រិដ្ឋកម្ម និងការឆបោកតាមអនឡាញ។ ការណ៍នេះប្រៀបបាននឹងការទះកំផ្លៀងរាជធានីបាងកក ដែលធ្លាប់តែប្រើអណ្តាតការទូត បង្កាច់បង្ខូចប្រទេសកម្ពុជា ប៉ុន្តែធាតុពិតបែរជាថៃខ្លួនឯងជាសម្បុកឧក្រិដ្ឋកម្មយ៉ាងធ្ងន់ធ្ងរបំផុតនៅអាស៊ីអាគ្នេយ៍៕



