
រដ្ឋធានីប៉េកាំង៖ ក្រោយពីទទួលបានការព្យាបាល ជាមួយការថែយ៉ាងម៉ត់ចត់ និងការយកចិត្តទុកដាក់ជាទីបំផុតពីក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង ប្រទេសចិន អស់រយៈពេលពីរសប្តាហ៍កន្លងមកនេះ ព្រះរាជសុខភាពរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មានភាពប្រសើរជាបណ្តើរៗហើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព្រះបរមរាជវាំង ចេញនៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦។

ក្រសួងព្រះបរមរាជវាំង បញ្ជាក់ថា ក្រុមគ្រូពេទ្យ បានសូមព្រះបរមរាជានុញ្ញាតថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ស្ដេចយាងចេញពីមន្ទីរពេទ្យ នៅថ្ងៃទី១ ខែឧសភានេះហើយ និងសូមព្រះអង្គបន្តគង់ប្រថាប់នៅព្រះរាជដំណាក់រដ្ឋធានីប៉េកាំង។ ទោះយ៉ាងណា ក្រសួងព្រះបរមរាជវាំង អះអាងថា ក្រុមគ្រូពេទ្យ នៅតែសូមព្រះបរមរាជានុញ្ញាតព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់យាងទៅមន្ទីរពេទ្យវិញជាបន្តបន្ទាប់ ដើម្បីពិនិត្យតាមដាន ថ្វាយព្រះឱសថ និងថែទាំព្រះរាជសុខភាពមួយរយៈពេលទៀត។

ជាមួយគ្នា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គទាំងទ្វេសូមថ្លែងអំណរព្រះគុណដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងអរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានថ្វាយព្រះសព្ទសាធុការពរ និងបួងសួងគុណព្រះរតនត្រ័យ សូមឱ្យព្រះអង្គ ឆាប់ជាសះស្បើយពីព្រះរោគាពាធ និងសូមឆាប់បានយាងនិវត្តមកកាន់មាតុប្រទេសវិញ៕




