
ក្រុងប៉ោយប៉ែត៖ ជនជាតិថៃប្រមាណជាង៦០០នាក់ នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ ត្រូវបានសមត្ថកិច្ចកម្ពុជា ចាប់បញ្ជូនឱ្យអាជ្ញាធរថៃវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្រោយកម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាបទីតាំងប្រព្រឹត្តឧក្រិដ្ឋកម្មអនឡាញស្កេមមួយកន្លែងនៅសង្កាត់អូរជ្រៅ...។

យោងតាមការឱ្យដឹងពីមន្ត្រីសមត្ថកិច្ចមូលដ្ឋាន មន្ត្រីជំនាញកម្ពុជាពាក់ព័ន្ធនឹងកិច្ចការអន្តោប្រវេសន៍ បានអនុវត្តនីតិវិធីបណ្តេញចេញជនជាតិថៃប្រុសស្រីចំនួន៦៣៥នាក់ ពីប្រទេសកម្ពុជា ទៅកាន់ប្រទេសថៃវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បន្ទាប់ពីជនជាតិថៃទាំងនេះ ចូលមកសម្ងំប្រព្រឹត្តឧក្រិដ្ឋកម្មអនឡាញស្កេមនៅក្នុងទឹកដីកម្ពុជាដោយខុសច្បាប់។ អាជ្ញាធរកម្ពុជា បានធ្វើការបណ្តេញចេញជនជាតិថៃទាំងនេះជាពីដំណាក់កាល ដោយដំណាក់ទី១ បណ្តេញចេញជនជាតិថៃចំនួន៣០០នាក់ និងដំណាក់កាលទី២ បណ្តេញចេញជាង៣០០នាក់បន្ថែមទៀត។

សូមជម្រាបថា ជនជាតិថៃទាំង៦៣៥នាក់ខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាបនៅទីតាំងអនឡាញស្កេមមួយដែលមាន២អគារ ឃាត់ខ្លួនបានជនជាតិថៃប្រុសស្រី កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ នៅចំណុចក្បែរសាលាព្រហ្មនិម្មិត ស្ថិតក្នុងភូមិក្បាលស្ពានពីរ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ បន្ទាប់ពីអាជ្ញាធរបង្ក្រាបទីតាំងអនឡាញស្កេមនេះរួច សមត្ថកិច្ចចម្រុះដែលមានកម្លាំងអគ្គស្នងការនគរបាលជាតិ សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំមួយកន្លែងទៀត នៅតំបន់សេដ្ឋកិច្ចសានកូ ដែលមានក្រុមឧក្រិដ្ឋជនរាប់ពាន់នាក់នៅទីនោះ ដែលមកដល់ពេលនេះ ការបង្ក្រាបកំពុងបន្តសកម្មភាពយ៉ាងក្ដៅគគុកបំផុត៕ រាយការណ៍ដោយ៖ ឈុន មករា








