អណ្តើកហ្លួងប្រភេទជិតផុតពូជ១០ក្បាល បានញាស់ក្នុងមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ
អុន សម្ផស្ស
26 កក្កដា 2024 11:00 AM

រាជធានីភ្នំពេញ៖ កូនអណ្តើកហ្លួង ឬអណ្តើកសរសៃ ដែលជាសត្វកម្រ និងជិតផុតពូជចំនួន១០ក្បាលបានញាស់ក្នុងមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB)។ អ្នកជំនាញក្នុងមជ្ឈមណ្ឌលយល់ថា កូនអណ្តើកថ្មីទាំងនោះនឹងដើរតួដ៏សំខាន់ក្នុងការរក្សាភាពចម្រុះនូវសេនេទិច(ហ្សែន) នៃប្រភេទនេះ។ នេះបើតាមការបញ្ជាក់របស់ក្រសួងបរិស្ថាន នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤…។

ក្រសួងបញ្ជាក់ថា កូនអណ្តើកហ្លួងទាំង១០ក្បាលនៅក្នុងមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ​នោះ គឺញាស់តាំងតែពីថ្ងៃទី២៣ ខែឧសភា។ កូនអណ្តើកហ្លួងថ្មីទាំង១០ក្បាលនេះ នឹងដើរតួដ៏សំខាន់មួយក្នុងការរក្សាភាពចម្រុះនូវសេនេទិច(ហ្សែន) នៃប្រភេទនេះ និងជួយឱ្យមានកំណើនកើនឡើងវិញនៃចំនួនប្រជាសាស្ត្រនៅក្នុងទីជម្រកដើមរបស់ពួកវា។ បច្ចុប្បន្ន ACCB បានផ្តល់ការថែទាំសម្រាប់អណ្តើកហ្លួងពេញវ័យចំនួន១៣ក្បាល ក្រោមគំនិតផ្តួចផ្តើមរវាងភាពជាដៃគូរដ្ឋបាលជលផល និងអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា (WCS) ប្រចាំកម្ពុជា។ អណ្តើកសរសៃត្រូវបានគេស្គាល់ថា ជាអណ្តើកហ្លួង ហើយត្រូវបានចាត់ទុកថា ជាសត្វល្មូនតំណាងជាតិរបស់កម្ពុជា ដោយព្រះរាជក្រឹត្យបានចេញក្នុងឆ្នាំ២០០៥។ ប្រភេទអណ្តើកហ្លួងនេះគេជឿថា ត្រូវបានផុតពូជនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែត្រូវបានរកឃើញឡើងវិញនៅក្នុងឆ្នាំ២០០០ ដោយការតាំងចិត្តរបស់ក្រុមអ្នកវិទ្យាសាស្ត្រមួយក្រុម។

សព្វថ្ងៃនេះ ពួកវានៅតែប្រឈមនូវការគំរាមកំហែងជាច្រើនដូចជាការបូមខ្សាច់ ការបាត់បង់ទីជម្រក ហើយនឹងទាក់ចាប់ដោយឧបករណ៍នេសាទ។ វាត្រូវបានគេប្រទះឃើញមានតែនៅក្នុងប្រទេសកម្ពុជា ម៉ាឡេស៊ី និងឥណ្ឌូណេស៊ីតែប៉ុណ្ណោះ។ ចំនួន​សរុបនៃសត្វនេះត្រូវបាន​ប៉ាន់​ប្រមាណថាមានចំនួនប្រហែល១០០ក្បាលប៉ុណ្ណោះ នៅ​ក្នុង​ប្រទេស​កម្ពុជា​។ រាល់សត្វអណ្តើកហ្លួង ដែលត្រូវបានលែងទៅក្នុងជម្រកធម្មជាតិវិញ ជួយទ្រទ្រង់ដល់ជលផលនៅក្នុងប្រព័ន្ធព្រែកស្រែអំបិល រក្សាជីវៈចម្រុះ និងធានាថាសត្វល្មូនតំណាងជាតិរបស់កម្ពុជា អាចមានចំនួនកើនឡើងនៅក្នុងទីជម្រកធម្មជាតិរបស់វា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត