
រដ្ឋធានីម៉ានីល៖ ហ្វីលីពីន ដែលប្រធានអាស៊ានប្តូរវេនឆ្នាំ២០២៦នេះ បានជំរុញឱ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាដោះលែងអ្នកទោសបន្ថែមទៀត រួមទាំងលោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) អតីតមេដឹកនាំដែលត្រូវបានទម្លាក់ពីតំណែងផងដែរ ខណៈការលើកលែងទោសនាពេលថ្មីៗនេះ គឺជាជំហានវិជ្ជមានឆ្ពោះទៅរកកិច្ចសន្ទនាដ៏ល្អប្រសើរ។

ក្នុងនាមជាប្រធានអាស៊ានប្តូរវេន ហ្វីលីពីនបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា៖«យើងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់យើងក្នុងការជួយមីយ៉ាន់ម៉ា ជាផ្នែកមួយដែលមិនអាចខ្វះបានរបស់អាស៊ាន ដើម្បីសម្រេចបានដំណោះស្រាយសន្តិភាព និងយូរអង្វែងចំពោះវិបត្តិនយោបាយនៅក្នុងប្រទេសនេះ»។ លោកស្រី អ៊ុងសាន ស៊ូជី បានជាប់ឃុំតាំងពីរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី ត្រូវបានទម្លាក់ចេញពីតំណែងនៅក្នុងរដ្ឋប្រហារឆ្នាំ២០២១។ សូមរំឭកថា លោក មីន អ៊ុងឡាំង (Min Aung Hlaing) ដែលទើបឡើងកាន់តំណែងប្រធានាធិបតីមីយ៉ាន់ម៉ា បានអនុម័តដោះលែងអ្នកទោសដល់ទៅជាង៤៣០០នាក់ ដោយក្នុងនោះ ក៏មានលោក វីន ម្យីន (Win Myint) ជាអតីតប្រធានាធិបតីផងដែរ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ វា ជាការដោះលែងអ្នកទោសលើកទី៣ហើយនៅមីយ៉ាន់ម៉ា ក្នុងរយៈពេល៦ខែចុងក្រោយនេះ៕





