ប្រធានាធិបតីភូមាថ្មី ប្រកាសច្បាប់អាជ្ញាសឹកលើ៦០តំបន់ រឹតបន្តឹងអំណាចយោធាឡើងវិញ
N
Nary Vann
4 ម៉ោងមុន

រដ្ឋធានីណៃពិដោ៖ ក្នុងវិធានការដ៏ក្ដៅគគុកដំបូងបង្អស់ ចាប់តាំងពីឡើងកាន់តំណែងជាប្រធានាធិបតី លោក មីន អ៊ុងឡាំង (Min Aung Hlaing) បានចេញក្រឹត្យអាសន្នថ្មីមួយ ដើម្បីដាក់ទីក្រុងចំនួន៦០ ឱ្យស្ថិតក្រោមការគ្រប់គ្រងផ្ទាល់របស់យោធាវិញ ដែលនេះជាការបង្ហាញពីការរឹតបន្តឹងសន្តិសុខកាន់តែខ្លាំង នៅក្នុងតំបន់ដែលកំពុងហែកហួរដោយជម្លោះ ទោះបីជាមានការផ្លាស់ប្ដូរទៅជាការដឹកនាំតាមបែបស៊ីវិលក៏ដោយ...។

លោក មីន អ៊ុងឡាំង
លោក មីន អ៊ុងឡាំង

យោងតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋ នៅថ្ងៃទី២៤ ខែមេសា ក្រឹត្យនេះគ្របដណ្ដប់លើតំបន់ជាច្រើនក្នុងរដ្ឋកាឈីន កាយ៉ា កាយីន ឈិន សាន និងរ៉ាឃីន រួមទាំងតំបន់សាហ្គាំង ម៉ាក្វេ និងម៉ាន់ដាឡេ ដែលជាទីតាំងយោធាធ្លាប់បានដាក់បម្រាមគោចរតាំងពីក្រោយរដ្ឋប្រហារឆ្នាំ២០២១។ ការប្រកាសដាក់ប្រទេសក្នុងភាពអាសន្នរយៈពេល៩០ថ្ងៃ នេះ ត្រូវបានអះអាងថា ធ្វើឡើងក្នុងគោលបំណងបញ្ចប់អំពើភេរវកម្មប្រដាប់អាវុធ និងដើម្បីស្ដារនីតិរដ្ឋឡើងវិញ បន្ទាប់ពីការបោះឆ្នោតកាលពីដើមឆ្នាំត្រូវបានរងការរិះគន់យ៉ាងខ្លាំងថាគ្មានតម្លាភាព។

ក្រោមបទបញ្ជាថ្មីនេះ អំណាចប្រតិបត្តិ និងអំណាចតុលាការទាំងអស់នៅក្នុងតំបន់ទាំងនេះ ត្រូវបានផ្ទេរទៅឱ្យមេបញ្ជាការយោធាថ្មីរបស់មីយ៉ាន់ម៉ា គឺ លោក យ៉េ វីន ង៊ូ (Ye Win Oo) ក្នុងរយៈពេល៩០ថ្ងៃ។ សកម្មភាពនេះ ត្រូវបានគេមើលឃើញថា ជាការព្យាយាមពង្រឹងអំណាចរបស់លោក មីង អ៊ុងឡាំង លើទឹកដីដែលកំពុងរងការវាយប្រហារដោយក្រុមតស៊ូប្រដាប់អាវុធ ចាប់តាំងពីលោកបានក្លាយជាប្រធានាធិបតីក្នុងខែមេសានេះ ក្រោយពីគណបក្សគាំទ្រដោយយោធាបានឈ្នះឆ្នោត។ គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ក្នុងវិបត្តិសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ចាប់តាំងពីយោធាបានទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី កាលពីឆ្នាំ២០២១ បង្កឱ្យមានការតវ៉ាពេញផ្ទៃប្រទេស និងប្រែក្លាយទៅជាការតស៊ូដោយអាវុធប្រឆាំងនឹងរបបសឹកមកទល់បច្ចុប្បន្ន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត