
រដ្ឋធានីណៃពិដោ៖ ប្រមុខការទូតកំពូលរបស់ប្រទេសចិន លោក វ៉ាង យី (Wang Yi) បានបញ្ជាក់យ៉ាងច្បាស់ពីការគាំទ្រយ៉ាងមុតមាំរបស់រដ្ឋធានីប៉េកាំង ចំពោះបូរណភាពទឹកដី និងសន្តិសុខជាតិរបស់មីយ៉ាន់ម៉ា ក្នុងជំនួបជាមួយលោក មីន អ៊ុងឡាំង (Min Aung Hlaing) ដែលទើបតែបានឡើងកាន់តំណែងជាប្រធានាធិបតីថ្មី...។

ជំនួបនេះ ធ្វើឡើងក្នុងអំឡុងពេលលោក វ៉ាង យី បញ្ចប់ដំណើរបំពេញទស្សនកិច្ចក្នុងប្រទេសចំនួន៣នៅអាស៊ីអាគ្នេយ៍ រួមមាន៖ កម្ពុជា ថៃ និងមីយ៉ាន់ម៉ា ដើម្បីពង្រឹងទំនាក់ទំនង និងបង្ហាញពីឥទ្ធិពលរបស់ចិន ជាជម្រើសដ៏មានស្ថិរភាពមួយ បើធៀបនឹងសហរដ្ឋអាម៉េរិក។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន ដែលបានចេញផ្សាយកាលពីយប់ថ្ងៃទី២៥ ខែមេសា លោក វ៉ាង យី បានលើកឡើងថា ចិនគាំទ្រមីយ៉ាន់ម៉ា ក្នុងការស្វែងរកផ្លូវអភិវឌ្ឍន៍ដែលស្របតាមលក្ខខណ្ឌជាក់ស្ដែងរបស់ជាតិ និងទទួលបានការគាំទ្រពីប្រជាជន។ លោកសង្កត់ធ្ងន់ថា៖«ដោយសារឆ្នាំនេះ គឺជាឆ្នាំដំបូងនៃអាណត្តិរដ្ឋាភិបាលថ្មីរបស់មីយ៉ាន់ម៉ា ភាគីទាំងពីរ គួរចាប់យកឱកាសនេះ ដើម្បីបន្តលើកកម្ពស់មិត្តភាពប្រពៃណី និងបើកទំព័រថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគី»។

លោក មីន អ៊ុងឡាំង ដែលបានឡើងកាន់តំណែងជាប្រធានាធិបតីស៊ីវិល កាលពីខែមេសានេះ ត្រូវបានគេមើលឃើញថា ទទួលបានការគាំទ្រយ៉ាងខ្លាំងពីរដ្ឋធានីប៉េកាំង បើទោះបីជាការបោះឆ្នោតកាលពីដើមឆ្នាំ ត្រូវបានរងការរិះគន់ពីក្រុមអ្នកឃ្លាំមើលប្រជាធិបតេយ្យក៏ដោយ។ ក្រៅពីបញ្ហានយោបាយ លោក វ៉ាង យី ក៏បានបង្ហាញពីឆន្ទៈរបស់ចិនក្នុងការសហការជាមួយមីយ៉ាន់ម៉ា ដើម្បីបោសសម្អាត «មហន្តរាយ» នៃល្បែងស៊ីសងតាមអ៊ីនធឺណិត និងការឆបោកតាមប្រព័ន្ធទូរគមនាគមន៍ ដែលកំពុងរីករាលដាលខ្លាំងនៅក្នុងតំបន់។ ការប្តេជ្ញាចិត្តនេះធ្វើឡើង ខណៈមីយ៉ាន់ម៉ាបានក្លាយជាចំណុចក្ដៅនៃក្រុមឧក្រិដ្ឋជនឆ្លងដែន ដែលបានលួចបន្លំប្រាក់រាប់សិបពាន់លានដុល្លារជារៀងរាល់ឆ្នាំពីជនរងគ្រោះជុំវិញពិភពលោក។

ដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី នាពេលនេះ មិនត្រឹមតែជាការផ្ដល់ភាពស្របច្បាប់ដល់រដ្ឋាភិបាលថ្មីរបស់មីយ៉ាន់ម៉ាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសញ្ញានៃការរឹតបន្តឹងខ្សែក្រវាត់ឥទ្ធិពលរបស់ចិន នៅក្នុងតំបន់អាស៊ានផងដែរ៕



