
រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសជំហររឹងត្អឹងជាថ្មី កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ដោយបញ្ជាក់ថា ការបិទខ្ទប់ផ្លូវទឹកប្រឆាំងអ៊ីរ៉ង់អាចនឹងបន្តអូសបន្លាយរាប់ខែទៅមុខទៀត។

ការប្រកាសនេះ បានធ្វើឱ្យទីផ្សារថាមពលពិភពលោកមានការរង្គោះរង្គើយ៉ាងខ្លាំង ដោយតម្លៃប្រេងឆៅប្រភេទ Brent បានហក់ឡើងដល់ ១១៩,៦៩ដុល្លារក្នុងមួយបារ៉ែល ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន គិតចាប់តាំងពីដើមឆ្នាំ២០២២មក។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន Axios (អាកស៊ីអូស) លោក ត្រាំ បានប្រើសម្តីវាយប្រហារធ្ងន់ៗថា អ៊ីរ៉ង់កំពុងស្ថិតក្នុងស្ថានភាពថប់ដង្ហើម ហើយលោកបញ្ជាក់ថា វានឹងកាន់តែអាក្រក់ជាងនេះទៅទៀតសម្រាប់រដ្ឋធានីតេហេរ៉ង់ ប្រសិនបើពួកគេមិនព្រមចុះចូលតាមលក្ខខណ្ឌរបស់សហរដ្ឋអាម៉េរិក។

ក្នុងជំនួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនប្រេងធំៗ លោក ត្រាំ បានការពារយុទ្ធសាស្ត្របិទខ្ទប់កំពង់ផែនេះថា មានប្រសិទ្ធភាពជាងការទម្លាក់គ្រាប់បែកទៅទៀត ព្រោះវាអាចបង្ខំឱ្យអ៊ីរ៉ង់ចុះចាញ់ដោយសារវិបត្តិសេដ្ឋកិច្ច។ ទោះបីជាមានការព្រមានពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន អំពីផលវិបាកដ៏គ្រោះថ្នាក់ ប្រសិនបើអាម៉េរិក និងអ៊ីស្រាអែល បន្តសង្រ្គាមលើអ៊ីរ៉ង់ក៏ដោយ ក៏លោក ត្រាំ នៅតែបន្តពិភាក្សាជាមួយមន្ត្រីសេតវិមានអំពីវិធីសាស្ដ្ររក្សាតម្លៃប្រេងក្នុងស្រុកឱ្យនៅថេរ ខណៈដែលកំពុងបន្តច្របាច់កការនាំចេញប្រេងរបស់អ៊ីរ៉ង់។ ការបិទខ្ទប់នេះបានក្លាយជាឧបសគ្គដ៏ធំបំផុតសម្រាប់កិច្ចចរចាការទូត ដោយសាររដ្ឋធានីតេហេរ៉ង់បានដាក់លក្ខខណ្ឌថា រាល់កិច្ចព្រមព្រៀងសន្តិភាពអាចកើតឡើងទៅបាន លុះត្រាតែអាម៉េរិកដកកងទ័ពជើងទឹកចេញពីកំពង់ផែរបស់ខ្លួនជាមុនសិន។

ភាពតានតឹងនេះបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ច្រកសមុទ្ទហ័រមូស្ស ដែលជាសរសៃឈាមថាមពលដ៏សំខាន់បំផុតរបស់ពិភពលោក។ ខណៈដែលអាម៉េរិកបិទកំពង់ផែអ៊ីរ៉ង់ ខាងភាគីអ៊ីរ៉ង់ក៏បានព្យាយាមតបតវិញតាមរយៈការគ្រប់គ្រង និងរំខានដល់នាវាដឹកប្រេងដែលឆ្លងកាត់ច្រកសមុទ្រដ៏ចង្អៀតមួយនេះ ដែលជាផ្លូវដឹកជញ្ជូនប្រេងដល់ទៅ ២០ភាគរយនៃតម្រូវការសកល។ ស្ថានភាពប្រឈមមុខដាក់គ្នាដែលមិនមានសញ្ញាថមថយនេះ កំពុងតែរុញច្រានពិភពលោកឱ្យធ្លាក់ក្នុងវិបត្តិថាមពលកាន់តែជ្រៅ និងធ្វើឱ្យក្ដីសង្ឃឹមនៃដំណោះស្រាយតាមផ្លូវការទូតកាន់តែស្រពេចស្រពិល៕


