រូប ត្រាំ នឹងត្រូវដាក់បញ្ចូលក្នុងលិខិតឆ្លងដែនពិសេស សម្រាប់ខួបឯករាជ្យទី២៥០
N
Nary Vann
29 មេសា 2026 06:00 AM

រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រសួងការបរទេសសហរដ្ឋអាម៉េរិក បានបញ្ជាក់ជាផ្លូវការកាលពីថ្ងៃទី២៨ ខែមេសាថា រូបថតផ្លូវការ និងហត្ថលេខាពណ៌មាសរបស់ប្រធានាធិបតី ដូណាល់ ត្រាំ នឹងត្រូវដាក់បញ្ចូលទៅក្នុងលិខិតឆ្លងដែនសហរដ្ឋអាម៉េរិក ស៊េរីពិសេស (Limited-edition) ដើម្បីអបអរសាទរខួបលើកទី២៥០ នៃទិវាប្រកាសឯករាជ្យរបស់ជាតិ។

យោងតាមអ្នកនាំពាក្យក្រសួងការបរទេស លោក ថមមី ពីហ្កត (Tommy Pigott) លិខិតឆ្លងដែននេះ មានរចនាបទថ្មីចំនួនពីរទំព័រ ដោយទំព័រទីមួយបង្ហាញពីរូបថតលោក ត្រាំ រំលេចពីលើឯកសារប្រកាសឯករាជ្យជាតិ រួមជាមួយហត្ថលេខាពណ៌មាសពីខាងក្រោម ចំណែកទំព័រទីពីរ បង្ហាញពីរូបគំនូរប្រវត្តិសាស្ត្រនៃបិតាស្ថាបនិកសហរដ្ឋអាម៉េរិក។

ការសម្រេចចិត្តនេះ ត្រូវបានចាត់ទុកថាជាការបំបែកបទដ្ឋានប្រពៃណីរបស់សហរដ្ឋអាម៉េរិកយ៉ាងធ្ងន់ធ្ងរ ដោយសារជាទូទៅ លិខិតឆ្លងដែនរបស់ប្រទេសប្រជាធិបតេយ្យតែងតែប្រើប្រាស់រូបភាពតំបន់ប្រវត្តិសាស្ត្រ ឬធម្មជាតិ ជាជាងការដាក់រូបមេដឹកនាំដែលកំពុងកាន់អំណាច។ មន្ត្រីម្នាក់បានបង្ហើបថា លិខិតឆ្លងដែនពិសេសនេះ នឹងមានផ្ដល់ជូនសម្រាប់តែអ្នកដាក់ពាក្យនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនប៉ុណ្ណោះ ក្នុងចំនួនកំណត់ និងមិនមានការបង់ប្រាក់បន្ថែមឡើយ ប៉ុន្តែវានៅមិនទាន់ច្បាស់នៅឡើយទេថា តើពលរដ្ឋមានសិទ្ធិបដិសេធមិនទទួលយកលិខិតឆ្លងដែនស៊េរីពិសេសនេះ ឬយ៉ាងណា?

វិធានការនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់លោក ត្រាំ ក្នុងការដាក់បញ្ចូលអត្តសញ្ញាណផ្ទាល់ខ្លួនទៅក្នុងស្ថាប័នរដ្ឋយ៉ាងខ្លាំងក្លា ចាប់តាំងពីលោកត្រឡប់មកកាន់តំណែងក្នុងអាណត្តិទីពីរ។ ក្រៅពីលិខិតឆ្លងដែន ឈ្មោះរបស់លោក ក៏ត្រូវបានដាក់នៅលើមជ្ឈមណ្ឌល Kennedy ចំណែករូបថតរបស់លោក ត្រូវបានគេឃើញនៅលើបដាតាមអគាររដ្ឋាភិបាលជាច្រើន ហើយក្រសួងរតនាគារ ក៏បានប្រកាសដែរថា ហត្ថលេខារបស់លោក ត្រាំ នឹងចាប់ផ្ដើមបង្ហាញនៅលើក្រដាសប្រាក់ដុល្លារនាពេលឆាប់ៗខាងមុខ ដែលនេះជាព្រឹត្តិការណ៍មិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រនយោបាយអាម៉េរិកទំនើប៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត