ថៃប្រើលេសខុសទំនង និងគួរឱ្យអស់សំណើច ថាខ្លួនបំ.ផ្ទុះផាវ មិនមែនអាវុ.ធទេ ពេលយោធាបរទេសខាងកម្ពុជាចុះពិនិត្យតាមព្រំដែន
Mao Sopha
2 ម៉ោងមុន

រាជធានីបាងកក៖ កងទ័ពភូមិន្ទថៃ បានចេញសេចក្តីថ្លែងការណ៍ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ ដើម្បីការពារខ្លួន ពីករណីបំផ្ទុះអាវុធតាមព្រំដែនកម្ពុជា ដែលគេចាត់ទុកថា ជាសកម្មភាពបង្ករឿង និងប្រាសចាកពីស្មារតីនៃបទឈប់បាញ់។ តាមរយៈសេចក្តីថ្លែងការណ៍ដែលចុះផ្សាយដោយការសែត The Nation កងទ័ពភូមិន្ទថៃ ប្រឹងរកលេសមកដោះសាទាំងមិនសមហេតុផល និងគួរឱ្យអស់សំណើច ថា ស្នូរសំឡេងនោះ កើតចេញពីការបំផ្ទុះផាវ៣ដើម ឬ៣គ្រាប់ មិនមែនជាការបំផ្ទុះអាវុធ ឬប្រើកាំភ្លើងបាញ់នោះទេ...។(Sic.)    

សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យកងទ័ពភូមិន្ទថៃ
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យកងទ័ពភូមិន្ទថៃ

កងទ័ពភូមិន្ទថៃ បកស្រាយទៀតថា ការបំផ្ទុះផាវ គឺដើម្បីផ្តល់សញ្ញាព្រមាន ពេលមន្រ្តីកម្ពុជា ដឹកនាំមន្រ្តីយោធាបរទេសតាមស្ថានទូតនានា ចុះទៅពិនិត្យមើលស្ថានការណ៍ព្រំដែន នៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ កាលព្រឹកពីថ្ងៃទី២៩ ខែមេសា។ ទោះជាយ៉ាងណាក៏ដោយ សម្តីកងទ័ពភូមិន្ទថៃ កុហកបានតែក្មេងបៀមដៃប៉ុណ្ណោះ។ មន្រ្តីជំនាញកម្ពុជា និងយោធាបរទេស ដែលស្ថិតក្នុងកន្លែងកើតហេតុការណ៍ផ្ទាល់ សុទ្ធតែមើលដឹង និងមានលទ្ធភាពអាចបែងចែកបាន មួយណាជាសំឡេងអាវុធ មួយណាជាសំឡេងផាវ។  

កងទ័ពថៃ ពេលកំពុងហ្វឹកហ្វឺន
កងទ័ពថៃ ពេលកំពុងហ្វឹកហ្វឺន

លើសពីនេះ កម្ពុជា មិនមែនចេះតែនិយាយនោះទេ គឺមានភស្តុតាងច្បាស់លាស់ និងស្រាវជ្រាវដិតដល់រហូតអាចដឹងលម្អិតថា យោធាថៃប្រើកាំភ្លើងប្រភេទអ្វី បាញ់អស់ប៉ុន្មានគ្រាប់ និងពេលវេលានៃការបាញ់ទៀតផង។ ក្រសួងការពារជាតិកម្ពុជា ប្រកាសថា យោធាថៃ បានប្រើកាំភ្លើងប្រភេទ M79 និងប្រភេទ M16 បាញ់ចំនួន៥លើកផ្ទួនៗគ្នា អស់ចំនួន៩គ្រាប់ ចាប់ពីម៉ោង១០:៣៥នាទីព្រឹក ដល់ម៉ោង១១:៩នាទីព្រឹក។    

រូបភាពឯកសារ៖ កម្លាំងថៃ ចូលមកក្នុងទីតាំងស្ថិតក្នុងទឹកដីកម្ពុជា។ 
រូបភាពឯកសារ៖ កម្លាំងថៃ ចូលមកក្នុងទីតាំងស្ថិតក្នុងទឹកដីកម្ពុជា។ 

ការកុហកទាំងខុសទំនង ដោយមិនចេះអៀនខ្មាសបែបនេះ មិនមែនជារឿងថ្មីនោះទេ គឺវាក្លាយទៅជាទម្លាប់ និងជារឿងធម្មតាសម្រាប់យោធាឈ្លានពានថៃទៅហើយ។ ករណីជាក់ស្តែង៖ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២៥ មានហេតុការណ៍ស្រដៀងគ្នាបែបនេះកើតឡើង គឺមានការបំផ្ទុះអាវុធពីខាងភាគីថៃ ពេលកម្ពុជា ដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះទៅពិនិត្យមើលតាមព្រំដែនក្នុងតំបន់ថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ កាលនោះ ស្រាប់តែភាគីថៃ បានចោទប្រកាន់ទាំងមិនប្រើសតិថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន ដែលកម្ពុជានាំចុះទៅពិនិត្យស្ថានការណ៍ព្រំដែន គឺជាក្រុមអ្នកសង្កេតការណ៍អាស៊ានក្លែងក្លាយ ឬ Fake AOTថែមទៀតផង៕ 

កងទ័ពថៃស្រាស់បន្លាលួសនៅតំបន់អូរស្មាច់ជាទឹកដីកម្ពុជា
កងទ័ពថៃស្រាស់បន្លាលួសនៅតំបន់អូរស្មាច់ជាទឹកដីកម្ពុជា
មន្រ្តីកម្ពុជា នាំមន្រ្តីយោធាបរទេសចុះពិនិត្យមើលតំបន់អូរស្មាច់ 
មន្រ្តីកម្ពុជា នាំមន្រ្តីយោធាបរទេសចុះពិនិត្យមើលតំបន់អូរស្មាច់ 
ទិដ្ឋភាពថតពីលើទៅ នៅតំបន់ថ្មដា កាលពីខែវិច្ឆិកា ឆ្នាំ២០២៥
ទិដ្ឋភាពថតពីលើទៅ នៅតំបន់ថ្មដា កាលពីខែវិច្ឆិកា ឆ្នាំ២០២៥
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត