
រាជធានីភ្នំពេញ៖ ស្របតាមប្រសាសន៍ណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ជាមួយតំណាងក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស, តំណាងអាជ្ញាធរមូលដ្ឋាន, តំណាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រចាំការនៅតាមបណ្តារដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស…។

កិច្ចប្រជុំដែលធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ក្នុងគោលបំណងទប់ស្កាត់ការជ្រាបចូលនូវអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ទៅក្នុងបណ្តាតំបន់សេដ្ឋកិច្ចពិសេស។ លោក ជា វុទ្ធី មានប្រសាសន៍ថា កិច្ចប្រជុំនេះផ្តោតសំខាន់លើរបៀបវារៈសំខាន់ចំនួន២ រួមមាន៖ ១.ការផ្សព្វផ្សាយច្បាប់ស្តីពី «ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» និង «អនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ»។ និង២.ការជំរុញការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស។ ដោយអនុលោមតាមប្រសាសន៍ណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានរៀបចំសេចក្តីព្រាងលិខិតអះអាងអំពីការចូលរួមសហការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សម្រាប់ក្រុមហ៊ុនអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសទាំងអស់ពិនិត្យ និងចុះហត្ថលេខាផងដែរ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ប្រាប់តំណាងក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស ថា ការអះអាងជាលាយលក្ខណ៍អក្សរនេះ មិនមែនជាបន្ទុករដ្ឋបាលថ្មីសម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍តំបន់ទេ ប៉ុន្តែវាជាសក្ខីភាពបង្ហាញពីការប្តេជ្ញាចិត្ត និងឆន្ទៈយ៉ាងមោះមុតជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយគ្មានបង្អង់ដៃ និងគ្មានការលើកលែង ហើយវាក៏នឹងក្លាយជាឧបករណ៍ដ៏មានសារសំខាន់សម្រាប់ចូលរួមទាក់ទាញការវិនិយោគឱ្យចូលមកតំបន់របស់ខ្លួនបន្ថែមទៀត។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាអាទិភាពខ្ពស់មួយពាក់ព័ន្ធដោយផ្ទាល់នឹងសន្តិសុខសង្គម សុវត្ថិភាពប្រជាពលរដ្ឋ និងកិត្តិយសជាតិនៅលើឆាកអន្តរជាតិ។ ដូច្នេះ កម្ពុជាប្តេជ្ញាចិត្តខ្ពស់បំផុតព្រមទាំងបានធ្វើសកម្មភាពជាក់ស្តែង ក្នុងការបង្ក្រាបបណ្តាញឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ដោយគ្មានការអត់ឱន និងប្រកបដោយភាពម៉ឺងមាត់បំផុត៕




