តើប្រមុខការទូតកម្ពុជា-ថៃ និយាយគ្នាអ្វីខ្លះនៅប៊្រុយណេ?
ហៀប ស៊ីថេត
2 ម៉ោងមុន

អាស៊ាន៖ នៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន-អឺរ៉ុប លើកទី២៥ នៅប្រទេសប៊្រុយណេ កាលពីថ្ងៃចន្ទទី២៧ ខែមេសាកន្លងទៅ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសថៃ លោក សីហស័ក្តិ ភួងកេតកែវ (สีหศักดิ์ พวงเกตุแก้ว) ដើម្បីដោះស្រាយបញ្ហាដែលបង្កឡើងដោយយោធាថៃ នៅតាមបណ្ដោយព្រំដែន។ ខ្លឹមសារនៃជំនួបនេះ ត្រូវបានចុះផ្សាយដោយកាសែតខាវសដ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦...។

លោក ប្រាក់ សុខុន
លោក ប្រាក់ សុខុន

ជាមួយគ្នានោះ ភាគីទាំង២ បានលើកយកការអនុវត្តបទឈប់បាញ់ដែលបានព្រមព្រៀងគ្នា កាលពីចុងឆ្នាំ២០២៥ មកពិភាក្សា។ នេះគឺជាការក្រើនរំលឹកជាថ្មីទៅដល់ភាគីថៃ កុំឱ្យបន្តសកម្មភាពយោធារំលោភបំពាន ដែលនាំឱ្យប៉ះពាល់ដល់ស្ថិរភាពក្នុងតំបន់ បន្ទាប់ពីមហិច្ឆតារបស់រាជធានីបាងកក តែងតែបង្កភាពមិនច្បាស់លាស់ និងតែងតែបង្កហេតុជារឿយៗ នៅតាមខ្សែបន្ទាត់ព្រំដែន។ ក្នុងជំនួបនោះ រដ្ឋមន្ត្រីទាំង២ បានឯកភាពគ្នាពង្រឹងទំនុកចិត្តទៅវិញទៅមក ប៉ុន្តែចំណុចសំខាន់ដែលកម្ពុជាសង្កត់ធ្ងន់ គឺការបញ្ឈប់ការចោទប្រកាន់ និងការផ្សព្វផ្សាយព័ត៌មានបំភ្លៃការពិត។ នេះគឺជាប្រតិកម្មតបទៅនឹងឧបាយកលនយោបាយរបស់ភាគីថៃ ដែលតែងតែប្រើប្រាស់ព័ត៌មានមិនពិត ដើម្បីញុះញង់ និងទម្លាក់កំហុសមកលើកម្ពុជា ក្នុងបំណងកេងចំណេញខាងនយោបាយ។  

លោក សីហស័ក្តិ ភួងកេតកែវ
លោក សីហស័ក្តិ ភួងកេតកែវ

ទោះបីជាមានការព្រមព្រៀងគ្នាក្នុងការរក្សាសន្តិភាពក៏ដោយ ប៉ុន្តែកម្ពុជានៅតែតាមដានយ៉ាងដិតដល់ចំពោះទង្វើរបស់ថៃ ដ្បិតកន្លងមក រាជរដ្ឋាភិបាលរាជធានីបាងកក ច្រើនតែនិយាយផ្សេង ធ្វើផ្សឹង ឬហៅម្យ៉ាងទៀតថា «ចាប់ដៃ ជាន់ជើង» ដែលជាហេតុធ្វើឱ្យទំនុកចិត្តរវាងប្រទេសក្បែរខាងទាំង២ ដាំក្បាលចុះមិនអាចងើបមុខរួច។ កម្ពុជាបានបង្ហាញជំហរយ៉ាងច្បាស់ថា ចង់បានសន្តិភាព ប៉ុន្តែក៏នឹងមិនអត់ឱនចំពោះទង្វើរំលោភបំពានឈ្លានពានណាមួយ ដែលកើតចេញពីចេតនាទុច្ចរិតរបស់ភាគីថៃនោះដែរ។ សូមជម្រាបថា បន្ទាប់ពីបើកការឈ្លានពានកម្ពុជា យោធាថៃបានគ្រប់គ្រងជ្រៅក្នុងដែនអធិបតេយ្យភាពកម្ពុជា ហើយថែមទាំងបានប្រកាសលុបចោល MoU ៤៤ ជាឯកតោភាគី និងតាមទំនើងចិត្ត​របស់ខ្លួនថែមទៀតផង ដោយមិនញញើតច្បាប់អន្តរជាតិសូម្បីតែបន្តិច៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត