មហិច្ឆតាឈ្លានពានមិនចេះចប់! ថៃបំភ្លៃការពិត ឆ្វៀលយក«អូរព្រំដែន»របស់ខ្មែរធ្វើជារបស់ខ្លួន
ហៀប ស៊ីថេត
3 ម៉ោងមុន

ព្រំដែនកម្ពុជា-ថៃ៖ ខ្សែបន្ទាត់ព្រំដែនធម្មជាតិ«អូរព្រំដែន ឬអូរខ្លងឡឹក» (ថៃហៅថា ខ្លងណាំសៃ) ដែលជាទឹកដីអធិបតេយ្យភាពរបស់កម្ពុជា ប៉ុន្តែពេលនេះ បែរជាមេបញ្ជាការយោធាជាន់ខ្ពស់ថៃម្នាក់ ចេញមុខមកបំភ្លៃការពិតទាំងបំពានថា អូរព្រំដែន ឬអូរខ្លងឡឹកជារបស់ខ្លួនទៅវិញ ហើយថែមទាំងប្រកាសក្តែងៗមិនខ្វល់ពីការតវ៉ាស្របច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជាថែមទៀតផង។ នេះបើតាមខ្លឹមសារចុះផ្សាយដោយកាសែតថៃ The Nation និង Armarin TV។

ជាក់ស្តែង នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ លោក បញ្ចពល តិជាតិវង្ស ន-អយុធ្យា (เบญจพล เดชาติวงศ์ ณ อยุธยา) មេបញ្ជាការកងកម្លាំងបូព៌ា និងជាមេបញ្ជាការយោធភូមិភាគ១របស់ថៃ បានថ្លែងទាំងបំភ្លៃថា៖«តំបន់អូរខ្លងលឹក(អូរព្រំដែន)នេះ ជាអធិបតេយ្យភាពថៃ ដូច្នេះ ការតវ៉ារបស់កម្ពុជាគ្មានប្រសិទ្ធភាពទេ!»។ យ៉ាងណា សម្ដីនេះគឺជាការបំពានយ៉ាងធ្ងន់ធ្ងរទៅលើបូរណភាពទឹកដីកម្ពុជា ព្រោះថា នេះមិនត្រឹមតែបំពានយកដីគេប៉ុណ្ណោះទេ ប៉ុន្តែភាគីថៃថែមទាំងបានចាក់ដីបំពេញលុបអូរធម្មជាតិ ដែលជាសរសៃឈាមព្រំដែន ដើម្បីបង្វែរចរន្តទឹកក្នុងចេតនាទុច្ចរិតរំលោភយកដីខ្មែរធ្វើជាកម្មសិទ្ធិរបស់ខ្លួនថែមទៀតផង។

លោក បញ្ចពល តេជាតិវង្ស ណៈ អយុធ្យា, រូបភាព៖ The Nation
លោក បញ្ចពល តេជាតិវង្ស ណៈ អយុធ្យា, រូបភាព៖ The Nation

ទោះបីជាថៃ អះអាងជារបស់ខ្លួន និងព្យាយាមប្រើគ្រឿងចក្រឈូសឆាយ និងចាក់ដីលុបអូរ ឬប្រើកម្លាំងទ័ពឈរជើងដើម្បីគំរាមក៏ដោយ ក៏អូរព្រំដែននៅតែជាអូររបស់ខ្មែរ ដែលស្ថិតក្នុងក្រុងប៉ោយប៉ែត និងស្រុកម៉ាឡៃនៃខេត្តបន្ទាយមានជ័យ (ខណ្ឌចែកសីមាព្រំដែនប្រទេសទាំង២) ហើយការប៉ុនប៉ងបង្វែរចរន្តទឹកធម្មជាតិ ដើម្បីកែប្រែផែនទីព្រំដែន គឺជាទង្វើខុសច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។ សូមជម្រាបថា កន្លងទៅ សារព័ត៌មានថៃ បានចេញផ្សាយព្រោងព្រាតពីសកម្មភាពអាជ្ញាធរ យោធា និងពលរដ្ឋថៃ នាំគ្នាយកគ្រឿងចក្រមកចាក់ដីលុបបំពេញអូរធម្មជាតិ ដែលមានរាងជាអក្សរ (U) នៅភូមិផៈកាត(ผักกาด) ស្រុកពោងណាំរ៉ន (โป่งน้ำร้อน) ខេត្តចន្ទបុរី (จันทบุรี) ក្បែរច្រកទ្វារព្រំដែនអន្តរជាតិព្រំ ស្ថិតក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិននៃប្រទេសកម្ពុជា។ នេះបានបង្ហាញពីចរិតឈ្លានពាន ដែលមិនចេះរៀងចាលរបស់យោធាថៃ៕

រូបភាព៖ The Nation
រូបភាព៖ The Nation
រូបភាព៖ The Nation
រូបភាព៖ The Nation
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត