
រាជធានីភ្នំពេញ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានទទួលពិភាក្សាការងារជាមួយ ឯកឧត្ដម ដូមីនិក វីល្លៀម (Dominic Williams) ឯកអគ្គរាដ្ឋទូតចក្រភពអង់គ្លេស ប្រចាំកម្ពុជា និងលោក រូប ក្លាក (Rob Clark) មន្រ្តីសម្របសម្រួលថ្នាក់តំបន់សម្រាប់បណ្ដាញឧក្រិដ្ឋកម្មចាត់តាំង និងធ្ងន់ធ្ងរ នាថ្ងៃទី៨ឧសភា ដើម្បីពិភាក្សាការងារនៅទីស្តីការក្រសួងមហាផ្ទៃ។

គោលបំណងនៃជំនួបនេះ គឺដើម្បីផ្លាស់ប្ដូរទស្សនគ្នាទៅវិញទៅមករវាងមន្ត្រីជំនាញប្រចាំចក្រភពអង់គ្លេស ទទួលបន្ទុកប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មកម្រិតធ្ងន់ដែលមានអង្គការចាត់តាំង ដែលក្នុងនោះផ្តោតសំខាន់ទៅលើអំពើឆបោកតាមប្រព័ន្ធអនឡាញ (Scam Online) ដែលកំពុងកើតរីកសាយភាយគ្រប់ទីកន្លែង ពិសេសនៅតំបន់អាស៊ាន។ លោកនាយឧត្តមសេនីយ៍ ស ថេត ក៏បានបង្ហាញពីគោលជំហររបស់នគរបាលជាតិកម្ពុជា ចំនួន៤ រួមមាន៖ ទី១-គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ចេញនូវគ្រប់វិធានការដើម្បីប្រយុទ្ធប្រឆាំងអំពើឆបោកឆ្លងដែន ដែលជាមធ្យោបាយក្នុងការប្រព្រឹត្តអំពើជួញដូរមនុស្ស។ ទី២-ការប្តេជ្ញាចិត្តខ្ពស់របស់សមត្ថកិច្ចនគរបាលជាតិកម្ពុជា គ្រប់លំដាប់ថ្នាក់ក្នុងការអនុវត្តគោលនយោបាយរាជរដ្ឋាភិបាល។

ទី៣-កិច្ចខិតខំប្រឹងប្រែងរបស់នគរបាលជាតិកម្ពុជា ដែលបានបើកកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកឆ្លងដែន និងការជួញដូរមនុស្សបានជាច្រើនករណី ដោយសហការផ្លាស់ប្ដូរព័ត៌មានជាមួយដៃគូសហប្រតិបត្តិការ។ និងទី៤-នគរបាលជាតិកម្ពុជា ចាត់ទុកអំពើឆបោកតាមប្រព័ន្ធអនឡាញ និងការជួញដូរមនុស្សជាបទល្មើស ដែលមានហានិភ័យខ្ពស់ ដែលនគរបាលជាតិកម្ពុជាប្តេជ្ញា និងប្រឹងប្រែងបើកកិច្ចសហប្រតិបត្តិការទូលំទូលាយជាមួយដៃគូ ដើម្បីធ្វើការបង្ការ ទប់ស្កាត់ និងប្រឆាំងបទល្មើសឱ្យបានជោគជ័យ។

ឆ្លៀតក្នុងជំនួបនេះ កម្ពុជាក៏បានថ្លែងអំណរគុណភាគីអង់គ្លេស ចំពោះការវាយតម្លៃអំពីកិច្ចប្រតិបត្តិការរបស់នគរបាលជាតិកម្ពុជា ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពនៅក្នុងប្រទេស និងឯកភាពបន្តរួមសហការគ្នាតាមរយៈការផ្លាស់ប្ដូរព័ត៌មានសម្ងាត់ ការជួយគាំទ្របណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនគរបាលជាតិកម្ពុជា ការគាំទ្រលើមធ្យោបាយឧបករណ៍សម្ភារបចេ្ចកវិទ្យាទំនើប ដើម្បីបន្តប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធអនឡាញឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត៕









