
រាជធានីភ្នំពេញ៖ បន្ទាប់ពីមានការសង្ស័យលើទីតាំងមួយ ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) សមត្ថកិច្ចកម្ពុជា បន្តឃាត់ខ្លួនជនបរទេសចំនួន៤៩នាក់ ស្ថិតនៅអគារជួលមួយកន្លែងក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ការស៊ើបអង្កេតជំហានដំបូងបង្ហាញថា ទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ត្រូវបានប្រើសម្រាប់ឆបោកទៅកាន់ប្រទេសម៉ាឡេស៊ី និងសិង្ហបុរី..។

ក្រសួងព័ត៌មានប្រកាសនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ថា ជនសង្ស័យទាំង៤៩នាក់ដែលត្រូវចាប់ខ្លួននេះរួមមាន៖ ជនជាតិឥណ្ឌូណេស៊ី និងជនជាតិម៉ាឡេស៊ី។ ក្រសួងអះអាងថា៖«[លទ្ធផលពិនិត្យបឋម]ជនសង្ស័យប្រើទីតាំងក្នុងប្រទេសកម្ពុជា ប្រព្រឹត្តបទល្មើសល្បែងស៊ីសងកាស៊ីណូអនឡាញខុសច្បាប់ ដែលមានគោលដៅទៅប្រទេសម៉ាឡេស៊ី និងសិង្ហបុរី[..]»។ ក្រៅតែពីការឃាត់ខ្លួនមនុស្ស សមត្ថកិច្ចក៏បានដកហូតនូវសម្ភារបច្ចេកទេសជាច្រើន ដែលបម្រើឱ្យសកម្មភាពខុសច្បាប់។

ក្នុងនោះរួមមាន៖ កុំព្យូទ័រ, Monitor,CPU, Laptop,Tablet(មួយចំនួន), ទូរសព្ទដៃ១៨៥គ្រឿង និងស៊ីមកាតអន្តរជាតិមួយចំនួនធំ។ ក្រោយឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការតាមនីតិវិធីច្បាប់៕




