ចិនផ្តល់ឧបករណ៍បច្ចេកទេសដល់កម្ពុជា ជំរុញប្រសិទ្ធភាពកម្ចាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
អុន សម្ផស្ស
17 មីនា 2026 03:30 AM

រាជធានីភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន រួមគ្នាជំរុញប្រសិទ្ធភាពបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) កាលពីថ្ងៃទី១៦មីនា ឆ្នាំ២០២៦ ក្រសួងសន្តិសុខសាធារណៈចិន បានប្រគល់សម្ភារបច្ចេកទេសសម្រាប់រួមចំណែកគាំទ្រដល់ប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា..។ 

លោកទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ និង ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាលោក វ៉ាង វិនពីន។ ប្រភព(AKP)
លោកទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ និង ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាលោក វ៉ាង វិនពីន។ ប្រភព(AKP)

ទីភ្នាក់ងារសារព័ត៌មានកម្ពុជា រាយការណ៍នៅថ្ងៃទី១៧មីនានេះថា ពិធីប្រគល់ទទួលបានរៀបចំឡើងដោយ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនពីន និងលោកទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ អនុប្រធានប្រចាំការគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) និងជាប្រធានលេខាធិការដ្ឋាន គ.ប.ឆ.ប.។ នាឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះមិត្តចិន និងចាត់ទុកការគាំទ្រនេះ ជាសក្ខីភាពមួយបង្ហាញពីមិត្តភាពដែកថែបរវាងប្រទេសទាំងពីរ ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី។  

លោកទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(គ.ប.ឆ.ប.) ។ប្រភព(AKP)
លោកទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(គ.ប.ឆ.ប.) ។ប្រភព(AKP)

លោកគូសបញ្ជាក់ថា៖«ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាបញ្ហាតំបន់ និងសកលលោក វាមានលក្ខណៈស្មុគស្មាញប្រទាក់ក្រឡា ទាមទារឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំង និងបង្ក្រាបឧក្រិដ្ឋកម្មនេះ ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការសន្តិសុខ»។ ក្នុងន័យនេះ សមត្ថកិច្ចកម្ពុជា-ចិន បាននិងកំពុងសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មនានា ជាពិសេស ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយទទួលបានលទ្ធផលល្អប្រសើរ ដើម្បីធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាក្នុងតំបន់ទាំងមូល។ លោកថ្លែងប្រាប់មិត្តចិនថា ក្នុងក្របខណ្ឌអន្តរជាតិ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងអនុវត្តកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិជាច្រើន ដើម្បីប្រយុទ្ធប្រឆាំង និងបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ខណៈមិត្តចិនជាដៃគូដ៏ទុកចិត្តរបស់កម្ពុជា។

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាលោក វ៉ាង វិនពីន។ ប្រភព(AKP)
ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាលោក វ៉ាង វិនពីន។ ប្រភព(AKP)

ហាក់មិនខុសគ្នា ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនពីន រំពឹងថា ការផ្ដល់សម្ភារបច្ចេកទេសដល់កម្ពុជា នឹងជួយគាំទ្រដល់ប្រតិបត្តិការបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យកាន់តែជោគជ័យ។ ទន្ទឹមនោះ លោកទូត ក៏បានបានកោតសរសើរចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាយ៉ាងក្ដៅគគុក តាមកន្លែងគោលដៅជាច្រើន កម្ទេចគោលដៅបង្កប់បទល្មើសជាច្រើនកន្លែង និងចាប់ខ្លួនជនសង្ស័យជាច្រើននាក់។ ឯកអគ្គរដ្ឋទូតចិន កត់សម្គាល់ថា កម្ពុជាបានអនុវត្តការត្រួតពិនិត្យតាមគោលដៅនានាយ៉ាងហ្មត់ចត់ និងជំរុញយុទ្ធនាការបោសសម្អាតជាបន្តបន្ទាប់។ លោក វ៉ាង វិនពីន ថ្លៃងថា៖«យើងខ្ញុំសូមវាយតម្លៃខ្ពស់ ចំពោះវិធានការប្រកបដោយប្រសិទ្ធភាព និងសមិទ្ធផលដែលសម្រេចបានដោយ គ.ប.ឆ.ប. និងភ្នាក់ងារអនុវត្តច្បាប់របស់កម្ពុជា»

ក្នុងន័យនេះលោកទូត គូសរំលេចបន្ថែមថាកម្ពុជា-ចិនជា«មិត្តដែកថែប» តែងតែជួយគ្នាទៅវិញទៅមក ហើយពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ កន្លងមកចិន បានបញ្ជូនយន្តហោះមកទទួលយកជនជាតិចិនដែលពាក់ព័ន្ធនឹងបទល្មើសត្រឡប់ទៅប្រទេសវិញ។ លោកទូតពណ៌នាបន្ថែមថា ភាគីចិនមានឆន្ទៈបន្តសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ក្នុងការស៊ើបអង្កេតរួមគ្នាលើឧក្រិដ្ឋកម្មឆ្លងដែន គោលដៅរួម គឺដើម្បីលុបបំបាត់«មហារីក»នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីទឹកដីកម្ពុជា ដើម្បីការពារសុវត្ថិភាពប្រជាជន និងបង្កើតបរិយាកាសល្អសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ៕

<br />

រូបភាពឯកសារ៖ អាជ្ញាធរកម្ពុជា ចុះបង្ក្រាបទីតាំងឆបោកនៅរាជធានី។
រូបភាពឯកសារ៖ អាជ្ញាធរកម្ពុជា ចុះបង្ក្រាបទីតាំងឆបោកនៅរាជធានី។
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត