នគរបាលជាតិកម្ពុជា-កូរ៉េខាងត្បូង បន្តចាប់ដៃគ្នាប្រឆាំងក្រុមឆបោកតាមអនឡាញ
S
Soriya Sou
2 ម៉ោងមុន

រាជធានីភ្នំពេញ៖ ទីភ្នាក់ងារនគរបាលជាតិកូរ៉េខាងត្បូង (KNPA) ដឹកនាំដោយលោក YOO Jae Seong អគ្គស្នងការស្តីទីនគរបាលជាតិ បានបើកកិច្ចប្រជុំកំពូលជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា ដឹកនាំដោយលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៩ ខែមេសា ដើម្បីពិភាក្សាពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងនគរបាលប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ…។

ជាមួយគ្នា ថ្នាក់ដឹកនាំនៃនគរបាលជាតិកម្ពុជា-កូរ៉េខាងត្បូង បានព្រមព្រៀងគ្នាពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងនឹងបទល្មើសឆ្លងដែនបន្ថែមទៀត។ លោកនាយឧត្តមសេនីយ៍ ស ថេត និងលោក YOO Jae Seong បង្ហាញទស្សនៈរួមគ្នាថា បណ្តាញឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងក្រុមធ្វើប្រតិបត្តិការមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ពិភពលោក។ ភាគីទាំងពីរ បានបញ្ជាក់ការប្តេជ្ញាចិត្តជាថ្មីថា៖«កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងសាមគ្គីភាពរបស់កងកម្លាំងនគរបាល គឺមានសារសំខាន់ខ្លាំងក្នុងការធានាសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំង២ និងការកសាងសន្តិសុខសាធារណៈក្នុងតំបន់»។​

តាមរយៈសេចក្ដីប្រកាសព័ត៌មានរួមរបស់នគរបាលជាតិកម្ពុជា-កូរ៉េខាងត្បូង បានឱ្យដឹងថា ថ្នាក់ដឹកនាំនគរបាលប្រទេសទាំងពីរ បានព្រមព្រៀងគ្នាពង្រីកវិសាលភាពប្រតិបត្តិការរបស់ក្រុមការងាររួមគ្នា។ បច្ចុប្បន្ន មន្ត្រីនគរបាលកូរ៉េខាងត្បូង កំពុងរួមគ្នាជាមួយមន្ត្រីនគរបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសពាក់ព័ន្ធផ្សេងទៀត ដែលត្រូវបានប្រព្រឹត្តទៅលើជនរងគ្រោះជាពលរដ្ឋកូរ៉េខាងត្បូង។

ក្នុងអំឡុងប្រតិបត្តិការយ៉ាងសកម្មរយៈពេល៤ខែ (ចាប់ពីខែធ្នូឆ្នាំ២០២៥ ដល់ខែមីនាឆ្នាំ២០២៦) ក្រុមការងាររួម ទទួលបានជោគជ័យក្នុងការចាប់ខ្លួនឧក្រិដ្ឋជនសំខាន់ៗសរុបជាង១៦០នាក់ រួមទាំងជនជាតិកូរ៉េខាងត្បូងផងដែរ ដែលរត់គេចខ្លួនចូលមកសម្ងំនៅប្រទេសកម្ពុជា និងបានជួយសង្គ្រោះពលរដ្ឋកូរ៉េខាងត្បូង៥នាក់ ពីការឃុំឃាំង។ ការពង្រីកកិច្ចសហប្រតិបត្តិការនេះត្រូវបានចាត់ទុកថាជា វិធានការបុរេសកម្ម ដែលជួយជំរុញដល់ការចែករំលែកព័ត៌មានតាមពេលវេលាជាក់ស្តែង និងប្រតិបត្តិការស៊ើបអង្កេតរួមគ្នា ស្របតាមច្បាប់នៃប្រទេសនីមួយៗ ដើម្បីឆ្លើយតបទៅនឹងបណ្តាញឧក្រិដ្ឋជនដែលកំពុងពង្រីកវិសាលភាពបង្កើតមជ្ឈមណ្ឌលយុទ្ធសាស្ត្ររបស់ពួកគេនៅអាស៊ីអាគ្នេយ៍៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត