ក្រសួងព័ត៌មាន សហការជាមួយមន្ត្រីជំនាញអន្តរក្រសួង រៀបចំសិក្ខាសាលាស្តីពី«ការបង្ការទប់ស្កាត់ផលប៉ះពាល់នៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងការមានផ្ទៃពោះនៅវ័យជំទង់»

រាជធានីភ្នំពេញ៖ សិក្ខាសាលាស្តីពី«ការបង្ការទប់ស្កាត់ផលប៉ះពាល់នៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងការមានផ្ទៃពោះនៅវ័យជំទង់» ត្រូវបានរៀបចំឡើងដោយក្រសួងព័ត៌មាន សហការជាមួយមន្ត្រីអន្តរក្រសួងពាក់ព័ន្ធចំនួនពីរ ដើម្បីផ្តល់នូវចំណេះដឹងថ្មីៗបន្ថែមទៀត ដល់ប្រព័ន្ធផ្សព្វផ្សាយដែលរួមមាន៖ អ្នកសារព័ត៌មាន (កម្រិតនិពន្ធនាយក) អ្នកអត្ថាធិប្បាយព័ត៌មាន(MC) អ្នកផលិតមាតិកា និងសមាគមសិល្បករខ្មែរ ធ្វើយ៉ាងណាជំរុញឱ្យការផ្សព្វផ្សាយអប់រំនេះ បានទៅដល់ក្មេងស្រី យុវតី និងអាណាព្យាបាលនៅមូលដ្ឋាន...។

ថ្លែងក្នុងពិធីបើកសិក្ខាសាលា លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសរំលេចអំពីសារសំខាន់នៃការផ្សព្វផ្សាយរបស់ស្ថាប័នព័ត៌មាន, អ្នកផលិតមាតិកា, អ្នកផលិតវីដេអូផ្សព្វផ្សាយផលិតផលអនឡាញ, អ្នកអត្ថាធិប្បាយព័ត៌មាន(MC) សិល្បករ-សិល្បការិនី និងអ្នកពាក់ព័ន្ធដទៃទៀត ជុំវិញប្រធានបទ«ការបង្ការទប់ស្កាត់ផលប៉ះពាល់នៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងការមានផ្ទៃពោះនៅវ័យជំទង់»។ ព្រោះបើយោងតាមការធ្វើសន្ទស្សន៍នៃការធ្វើបច្ចុប្បន្នភាពរបស់វិទ្យាស្ថានអន្តរជាតិមួយ កម្ពុជាជាប់ចំណាត់ថ្នាក់លេខពីរក្នុងតំបន់អាស៊ាន បន្ទាប់ពីប្រទេសឡាវ ដែលមានក្មេងស្រីរៀបការនៅវ័យក្រោមអាយុ១៨ឆ្នាំ ហើយខេត្តនៅតំបន់ភាគឦសាន្តប្រទេសដូចជា ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ដែលមានពលរដ្ឋជនជាតិដើមភាគតិចរស់នៅច្រើន គឺអត្រាភាគរយនៃក្មេងស្រីរៀបការក្រោមអាយុ១៨ឆ្នាំ មានសន្ទុះខ្ពស់ជាងបណ្តាខេត្តផ្សេងទៀត។ នេះបើយោងតាមការបញ្ជាក់បន្ថែមរបស់វាគ្មិនកិត្តិយសមកពីក្រសួងកិច្ចការនារី។

លោករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្ត និងជំរុញផងដែរ ដល់ស្ថាប័នព័ត៌មាន, អ្នកផលិតមាតិកា, សិល្បករ-សិល្បការិនី និងអ្នកពាក់ព័ន្ធដទៃទៀត ត្រូវជ្រើសរើសប្រធានបទព័ត៌មាន ឬខ្លឹមសារមាតិកាណាដែលមានការដាក់បញ្ចូលនូវការអប់រំដល់ក្មេងស្រី និងយុវតី អំពី«ការបង្ការទប់ស្កាត់ផលប៉ះពាល់នៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងការមានផ្ទៃពោះនៅវ័យជំទង់» នេះ ឱ្យបានស៊ីជម្រៅ ពោលគឺត្រូវឈរលើគោលការណ៍សំខាន់ៗចំនួន៤ដែលក្រសួងព័ត៌មានបានដាក់ចេញ រួមមាន៖ ១.ការពង្រីកវិសាលភាពជួយផ្សព្វផ្សាយ, ទី២.ការលើកកម្ពស់ការយល់ដឹង និងការផ្លាស់ប្ដូរឥរិយាបថ, ទី៣.ការចូលរួមជួយតស៊ូមតិ, និងទី៤.ការផ្ដល់សំឡេងដល់ជនរងគ្រោះ។ ចំណុចសំខាន់ៗទាំង៤នេះ នឹងជួយផ្តល់ចំណេះដឹង និងបទពិសោធល្អៗទៅដល់ក្មេងស្រី យុវតី និងអាណាព្យាបាលរបស់ក្មេងស្រី អំពីហានិភ័យនៃការជំរុញឱ្យកូនស្រីរៀបការមុនអាយុ១៨ឆ្នាំ ឬមិនទាន់គ្រប់វ័យរៀបការ។

សូមជម្រាបផងដែរថា សិក្ខាសាលាដែលរៀបចំឡើងនៅសាលចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន កាលពីវេលាម៉ោង៩:០០នាទីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ ក៏មានចំណាប់អារម្មណ៍សង្ខេបដោយលោកស្រី ឆៃ ច័ន្ទរិទ្ធីសូលីដា រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារយេនឌ័រ និងការងារពាក់ព័ន្ធស្ត្រី និងក្មេងស្រីនៃក្រសួងព័ត៌មាន ជុំវិញសកម្មភាពការងារលើកកម្ពស់ចំណេះដឹងក្មេងស្រី និងយុវតីឱ្យបានយល់ច្បាស់ពីយេនឌ័រ និងផលវិបាកនានាដែលក្មេងស្រីរៀបការនៅអាយុក្រោម១៨ឆ្នាំ, បន្ថែមលើនេះ វាគ្មិនកិត្តិយសមកពីតំណាងក្រសួងកិច្ចការនារី និងតំណាងក្រសួងសុខាភិបាល បានធ្វើបទបង្ហាញលម្អិតអំពីប្រធានបទ«ការបង្ការទប់ស្កាត់ផលប៉ះពាល់នៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងការមានផ្ទៃពោះនៅវ័យជំទង់» ដល់អង្គសិក្ខាសាលា មុនកម្មវិធីត្រូវបានបិទបញ្ចប់៕  

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត