
រាជធានីបាងកក៖ នាយករដ្ឋមន្រ្តីថៃ លោក អនុទីន ឆានវីរគុល (Anutin Charnvirakul) បានអះអាងកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ថា កញ្ចប់ថវិកាសម្រាប់កសាងរបងព្រំដែន គឺត្រៀមរួចរាល់ហើយ ខណៈប្រទេសថៃកំពុងចាត់វិធានការលើព្រំដែនជាប់កម្ពុជា និងម៉ាឡេស៊ី។ ជាមួយគ្នា ថៃ ថែមទាំងពិនិត្យមើល MoU43 ឡើងវិញ បន្ទាប់ពីលុបចោល MoU44។ យ៉ាងណា ការប្រកាសសាងសង់របងព្រំដែន និងការសម្រេចលុបចោល MoU44 ជាឯកតោភាគីរបស់ភាគីថៃ ត្រូវបានគេមើលឃើញថាជាល្បែងនយោបាយដដែលៗ ដែលថៃតែងតែប្រើប្រាស់ដើម្បីកេងចំណេញផលប្រយោជន៍នយោបាយផ្ទៃក្នុង និងដាក់សម្ពាធលើប្រទេសជិតខាង។

លោក អនុទីន បានថ្លែងថា ប្រទេសថៃបានចាប់ផ្តើមការងារលើគម្រោងរបងព្រំដែនជាប់កម្ពុជា និងម៉ាឡេស៊ី ដោយថវិកាត្រូវបានបែងចែករួចហើយ និងមានអង្គភាពយោធាចាត់តាំងដើម្បីត្រួតពិនិត្យតំបន់នីមួយៗ។ ថ្លែងអំពីវឌ្ឍនភាពនៃការលុបចោល MoU44 ជាឯតោភាគី, ការសាងសង់របងព្រំដែនថៃ-កម្ពុជា, និងទំនាក់ទំនងរវាងថៃ-កម្ពុជា លោក អនុទីន បានបញ្ជាក់ថា គម្រោងរបងព្រំដែននេះ កំពុងដំណើរការហើយ ដោយកងទ័ពជើងទឹកនឹងទទួលខុសត្រូវលើព្រំដែនភាគខាងកើត, ទីបញ្ជាការកងទ័ពភូមិន្ទថៃ នឹងត្រួតពិនិត្យខ្សែបន្ទាត់ព្រំដែនចាប់ពីខេត្តស្រះកែវ និងខេត្តប្រាចិនបុរី រហូតដល់ខេត្តឧប្បលរាជធានី, និងយោធភូមិភាគទី៤ នឹងទទួលខុសត្រូវនៅខេត្តភាគខាងត្បូង ជាប់ព្រំដែនម៉ាឡេស៊ី។

ចំពោះគម្រោងលុបចោល MoU43 លោក អនុទីន លើកឡើងថា បញ្ហានេះកំពុងស្ថិតក្នុងដំណើរការ។ ចំណែក MoU44 វិញ ត្រូវក្រុមប្រឹក្សាសន្តិសុខថៃ សម្រេចលុបចោលហើយ។ លោក អនុទីន បកស្រាយបំភាន់គេថា ការលុបចោល MoU44 នេះ មិនមែនដោយសារជម្លោះជាមួយកម្ពុជានោះទេ ប៉ុន្តែដោយសារគ្មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ។ មែនទែនទៅ MoU44 គឺជាមូលដ្ឋានគ្រឹះនៃការចរចាតំបន់ត្រួតស៊ីគ្នានៅដែនសមុទ្ទ។ ដូច្នេះ ការដែលថៃលុបចោលដោយសំអាងថា«គ្មានវឌ្ឍនភាព២៥ឆ្នាំ» គឺជាលេសមិនសមហេតុផលទាល់តែសោះ។ ធាតុពិត គឺដោយសារតែថៃមានចេតនាចង់រុះរើកិច្ចព្រមព្រៀង ដើម្បីទាមទារផលប្រយោជន៍ដ៏លើសលប់លើដែនទឹក និងធនធានធម្មជាតិដែលជាកម្មសិទ្ធិរួម។ នេះសបញ្ជាក់ឱ្យឃើញថា ថៃកំពុងរំលោភបំពានកិច្ចព្រមព្រៀង និងច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ៕





