
ក្រុងប៉ោយប៉ែត៖ លោក ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការនៃក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងអាជ្ញាធរខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ បានបន្តចុះពិនិត្យស្ថានភាពទឹក និងស្វែងរកប្រភពទឹកបន្ថែមសម្រាប់ផ្ដល់ជូនវីរកងទ័ពជួរមុខ និងបងប្អូនជនភៀសសឹក..។

លោករដ្ឋលេខាធិការប្រចាំការ បានគូសបញ្ជាក់ថា បច្ចុប្បន្នការផ្គត់ផ្គង់ទឹកនៅតាមមណ្ឌលជនភៀសសឹកបណ្ដោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ មានបរិមាណគ្រប់គ្រាន់។ តែយ៉ាងណា មន្ត្រីជំនាញនៅតែបន្តចុះពិនិត្យទីតាំងដែលមានសក្ដានុពល ដើម្បីរៀបចំផែនការអភិវឌ្ឍន៍ និងពង្រីកប្រភពទឹកបន្ថែម សំដៅធានាការប្រើប្រាស់ប្រចាំថ្ងៃជូនបងប្អូនភៀសសឹក ក៏ដូចជាគ្រួសារកងទ័ព និងកងទ័ពផងដែរ ដើម្បីជៀសវាងការខ្វះខាតនាពេលខាងមុខ។ ក្នុងដំណើរចុះពិនិត្យស្ថានភាពជាក់ស្ដែង នៅទីតាំងសំខាន់ៗមួយចំនួនដូចជា៖ ទីតាំងសាងសង់អណ្ដូងទឹក នៅតំបន់ព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ, ទីតាំងស្ដារអូរ ក្នុងឃុំបឹងបេង ស្រុកម៉ាឡៃ, ទីតាំងស្ដារអូរ នៅមណ្ឌលជនភៀសសឹកបណ្ដោះអាសន្ន ក្នុងឃុំស្លក្រាម ស្រុកស្វាយចេក។

សូមជម្រាបថា ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ គិតត្រឹមថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ មានជាង៦សែន១ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ។ ក្នុងនោះពុំទាន់អាចវិលទៅលំនៅឋានវិញ មានតែចំនួន៣៣៥២១នាក់ទៀត (ស្ត្រី១៧២៩៤នាក់ និងកុមារ១១៣១១នាក់) នេះបើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ៕





