ត្រាំបង្ហើបព័ត៌មានរសើប របបតេហេរ៉ង់ជិតដួលរលំ និងអង្វរសុំបើកច្រកសមុទ្ទហ័រមូស្ស
N
Nary Vann
7 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានទម្លាយព័ត៌មានដ៏រសើបមួយនៅលើបណ្ដាញសង្គម Truth Social ដោយអះអាងថា របបតេហេរ៉ង់បានទាក់ទងមកលោកដោយផ្ទាល់ ដោយសារភាពថា ស្ថានភាពផ្ទៃក្នុងប្រទេសរបស់ខ្លួនកំពុងស្ថិតក្នុងការដួលរលំ ព្រមទាំងបានទទូចសុំឱ្យមានការបើកផ្លូវនាវាចរណ៍តាមច្រកសមុទ្ទហ័រមូស្សឡើងវិញឱ្យបានឆាប់បំផុត...។

លោក ដូណាល់ ត្រាំ អះអាងថា មន្ត្រីអ៊ីរ៉ង់បានផ្ដល់ដំណឹងមកលោក ថា ពួកគេកំពុងស្ថិតក្នុងស្ថានភាពវិបត្តិថ្នាក់ដឹកនាំយ៉ាងធ្ងន់ធ្ងរ ហើយបានអង្វរសុំឱ្យសហរដ្ឋអាម៉េរិកបើកច្រកសមុទ្ទហ័រមូស្សឱ្យបានឆាប់បំផុត ដើម្បីសម្រាលសម្ពាធដែលកំពុងរឹតបន្តឹងដង្ហើមសេដ្ឋកិច្ចរបស់ពួកគេ។ លោកសរសេរយ៉ាងដូច្នេះថា៖«អ៊ីរ៉ង់ទើបតែបានផ្ដល់ដំណឹងមកយើងថា ពួកគេកំពុងប្រឈមនឹងការដួលរលំ។ ពួកគេ ចង់ឱ្យយើងបើកច្រកសមុទ្ទហ័រមូស្សឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ខណៈពួកគេកំពុងព្យាយាមរៀបចំស្ថានភាពថ្នាក់ដឹកនាំឡើងវិញ»។ 

ការទម្លាយសារសម្ងាត់នេះ កើតឡើងក្នុងពេលដែលកិច្ចចរចាសន្តិភាពកំពុងជាប់គាំង ដោយសារភាពមិនចុះសម្រុងលើលក្ខខណ្ឌស្នូល។ មន្ត្រីអ៊ីរ៉ង់ បានស្នើឱ្យផ្អាកការពិភាក្សាលើកម្មវិធីនុយក្លេអ៊ែរទុកមួយឡែកសិន រហូតដល់សង្រ្គាមបញ្ចប់ ប៉ុន្តែលោក ត្រាំ បានបដិសេធដាច់ខាត ដោយទទូចថា បញ្ហានុយក្លេអ៊ែរត្រូវតែដោះស្រាយតាំងពីដំបូងបំផុត។ ជាមួយគ្នានេះ មន្ត្រីសេតវិមានបានបង្ហើបថា លោក ត្រាំ បានចេញបញ្ជាឱ្យរៀបចំផែនការបិទខ្ទប់កំពង់ផែរបស់អ៊ីរ៉ង់ក្នុងរយៈពេលវែង ជាយុទ្ធសាស្ត្របង្កើនសម្ពាធជាអតិបរមា។

ទោះបីជាមានការអះអាងពីសំណាក់លោក ត្រាំ យ៉ាងណាក្ដី រដ្ឋធានីតេហេរ៉ង់មិនទាន់មានប្រតិកម្មតបតជាផ្លូវការ ចំពោះការលើកឡើងដែលថា របបរបស់ខ្លួនកំពុងដួលរលំនោះឡើយ។ ផ្ទុយទៅវិញ អ្នកនាំពាក្យកងទ័ពអ៊ីរ៉ង់ នៅតែបន្តអះអាងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា ខ្លួនមិនទាន់ចាត់ទុកសង្រ្គាមនេះ បានបញ្ចប់នៅឡើយទេ ទោះបីជាការបិទខ្ទប់ច្រកសមុទ្ទហ័រមូស្ស ដែលជាចំណុចយុទ្ធសាស្ត្រថាមពលពិភពលោក កំពុងធ្វើឱ្យអ៊ីរ៉ង់ខ្លួនឯងទទួលរងនូវការវាយបកយ៉ាងដំណំពីសំណាក់កងទ័ពជើងទឹកសហរដ្ឋអាម៉េរិកក៏ដោយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត