កូរ៉េខាងជើង ប្តូរផ្តាច់យ៉ាងខ្លាំក្លា បន្តជួយគាំទ្រដល់មហាមិត្តរុស្ស៊ី
ហៀប ស៊ីថេត
10 ម៉ោងមុន

រដ្ឋធានីព្យុងយ៉ាង៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានពិភាក្សាអំពីស្ថានភាពនយោបាយអន្តរជាតិជាមួយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី ហើយបានលើកឡើងថា រដ្ឋធានីព្យុងយ៉ាងនឹងបន្តគាំទ្រគោលនយោបាយរបស់រុស្ស៊ីយ៉ាងពេញទំហឹង ជាពិសេសជុំវិញវិបត្តិសង្គ្រាមជាមួយអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA របស់កូរ៉េខាងជើង នៅថ្ងៃចន្ទទី២៧ ខែមេសា។

លោក គីម ជុងអ៊ុន
លោក គីម ជុងអ៊ុន

គណៈប្រតិភូរុស្ស៊ី ដឹកនាំដោយរដ្ឋមន្ត្រីការពារជាតិ លោក អាន់ដ្រេ ប៊េលូសូវ (Andrei Belousov) បានចូលរួមពិធីសម្ពោធវិមានអនុស្សាវរីយ៍ នៅកូរ៉េខាងជើង ដើម្បីផ្ដល់កិត្តិយសដល់ទាហានកូរ៉េខាងជើងដែលបានពលីក្នុងពេលប្រយុទ្ធគ្នានៅតំបន់ឃឺស (Kursk) ប្រទេសរុស្ស៊ី ជាទីកន្លែងដែលកងកម្លាំងអ៊ុយក្រែនបានវាយលុកចូលកាលពីឆ្នាំ២០២៤។ តាមរយៈលិខិតផ្ញើទៅកាន់ពិធីសម្ពោធវិមានអនុស្សាវរីយ៍នេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានលើកឡើងថា រុស្ស៊ី-កូរ៉េខាងជើង នឹងបន្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រឱ្យកាន់តែរឹងមាំ។ ជាមួយគ្នានេះ លោក គីម ជុងអ៊ុន បានជូនពាក្យទៅរុស្ស៊ីវិញថា៖«រដ្ឋាភិបាលកូរ៉េខាងជើង នឹងបន្តគាំទ្រយ៉ាងពេញទំហឹងចំពោះគោលនយោបាយរបស់រុស្ស៊ី ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងផលប្រយោជន៍សន្តិសុខរបស់ខ្លួន»

លោក គីម ជុងអ៊ុន (ឆ្វេង) និងលោក អាន់ដ្រេ ប៊េលូសូវ 
លោក គីម ជុងអ៊ុន (ឆ្វេង) និងលោក អាន់ដ្រេ ប៊េលូសូវ 

សូមជម្រាបថា កូរ៉េខាងជើង បានបញ្ជូនកងទ័ពប្រហែល១៤០០០នាក់ ទៅជួយកងទ័ពរុស្ស៊ីក្នុងតំបន់ឃឺស បន្ទាប់ពីប្រទេសទាំង២នេះ បានព្រមព្រៀងលើសន្ធិសញ្ញាការពារគ្នាទៅវិញទៅមក។ យ៉ាងណា កូរ៉េខាងត្បូង អ៊ុយក្រែន និងលោកខាងលិច បានបញ្ជាក់ថា ទាហានកូរ៉េខាងជើងជាង៦០០០នាក់ ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នា។ លោក គីម បានថ្លែងនៅវិមានអនុស្សាវរីយ៍នេះ កាលពីថ្ងៃអាទិត្យទី២៦ ខែមេសាថា៖«វិញ្ញាណក្ខន្ធរបស់អ្នកដែលបានស្លាប់ នឹងរស់នៅជាអមតៈជាមួយកិត្តិយសដ៏ខ្ពង់ខ្ពស់ដែលពួកគេបានពលី»៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត