មេដឹកនាំកូរ៉េខាងជើង កោតសរសើរទាហានខ្លួន ដែលហ៊ានបំផ្ទុះគ្រា.ប់បែ.កធ្វើអត្ត.ឃា.ត មិនព្រមចុះចាញ់ធ្វើជាឈ្លើយសឹករបស់អ៊ុយក្រែន
N
Nary Vann
មួយថ្ងៃមុន

រដ្ឋធានីព្យុងយ៉ាង៖ មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចេញមុខបញ្ជាក់ជាផ្លូវការនូវគោលការណ៍ «មរណភាពការពារកិត្តិយស» ដោយបានសរសើរមិនដាច់ពីមាត់ចំពោះទាហានរបស់ខ្លួន ដែលបានប្រើប្រាស់គ្រាប់បែកដៃបំផ្ទុះសម្លាប់ខ្លួនឯង ដើម្បីជៀសវាងការធ្លាក់ក្នុងកណ្ដាប់ដៃកងទ័ពអ៊ុយក្រែន។ គេបានដឹងរួចមកហើយថា កូរ៉េខាងជើង បានបញ្ជូនកងទ័ពខ្លួនទៅជួយរុស្ស៊ី ក្នុងការច្បាំងជាមួយអ៊ុយក្រែននៅតំបន់ Kursk (ខឺស)។ 

លោកគីម ជុងអ៊ុន
លោកគីម ជុងអ៊ុន

កាលពីថ្ងៃទី២៧ ខែមេសា ក្នុងពិធីសម្ពោធវិមានអនុស្សាវរីយ៍សម្រាប់ទាហានពលីជីវិត លោក គីម បានប្រសិទ្ធនាមទាហានដែលសម្រេចចិត្តបំផ្ទុះសម្លាប់ខ្លួនថាជា «វីរបុរសពិតប្រាកដ» និងជា «និយមន័យនៃភក្ដីភាពដ៏ខ្ពង់ខ្ពស់បំផុត» ចំពោះបក្ស និងមាតុភូមិ។ ការថ្លែងបែបនេះ បានបង្ហាញយ៉ាងច្បាស់ថា ទាហានកូរ៉េខាងជើងត្រូវបានបណ្ដុះបណ្ដាលសតិអារម្មណ៍ ឱ្យចាត់ទុក «ខ្លួនស្មើនឹងក្បត់ជាតិ» បើសត្រូវចាប់បាន ហើយត្រូវជ្រើសរើសយកសេចក្ដីស្លាប់ជាជាងការចុះចាញ់។

កូរ៉េខាងត្បូង ប៉ាន់ស្មានថា កូរ៉េខាងជើងបានបញ្ជូនទាហានយ៉ាងហោចណាស់១៥ ០០០នាក់ ទៅកាន់សមរភូមិភាគខាងលិចនៃប្រទេសរុស្ស៊ី ដោយក្នុងនោះ មានទាហានជាង៦០០០នាក់ហើយ បានបាត់បង់ជីវិត។ ភស្តុតាងនៃគោលការណ៍មរណភាពដ៏សាហាវនេះ ត្រូវបានគូសបញ្ជាក់បន្ថែមតាមរយៈសក្ខីកម្មរបស់អ្នកទោសសង្គ្រាមកូរ៉េខាងជើង ដែលត្រូវបានចាប់ខ្លួនដោយអ៊ុយក្រែន ដោយអ្នកទោសសង្គ្រាមរូបនោះ បានបង្ហាញការសោកស្ដាយយ៉ាងខ្លាំង ដែលបរាជ័យក្នុងការបំផ្ទុះគ្រាប់បែកសម្លាប់ខ្លួនឯងដូចមិត្តរួមអាវុធដទៃទៀត។ សូម្បីតែភ្នាក់ងារស៊ើបការណ៍សម្ងាត់ ក៏បានរកឃើញកំណត់ត្រានៅលើសាកសពទាហានកូរ៉េខាងជើង ដែលណែនាំឱ្យពួកគេធ្វើអត្តឃាតភ្លាមៗក្នុងករណីមិនអាចគ្រប់គ្រងស្ថានការណ៍បាន ដើម្បីការពារអាថ៌កម្បាំងយោធា និងកិត្តិយសនៃរបបព្យុងយ៉ាង។

វត្តមានរបស់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក អាន់ដ្រេ ប៊េលូសូវ (Andrei Belousov) ក្នុងពិធីសម្ពោធវិមានអនុស្សាវរីយ៍នេះ កាន់តែសបញ្ជាក់ពីចំណងសម្ព័ន្ធភាពយោធារវាងប្រទេសទាំងពីរ ក្រោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជួយគ្នាទៅវិញទៅមកក្នុងករណីមានការឈ្លានពាន កាលពីខែមិថុនា ឆ្នាំ២០២៤។ ក្រៅពីការបូជាជីវិតទាហានរាប់ពាន់នាក់ កូរ៉េខាងជើងក៏បានសន្យាបញ្ជូនកម្មករជាច្រើននាក់ទៀតទៅជួយកសាងតំបន់ Kursk ឡើងវិញ ដែលបង្ហាញពីការយកជីវិត និងកម្លាំងពលកម្មពលរដ្ឋខ្លួនទៅបម្រើឱ្យមហិច្ឆតានយោបាយ និងយោធារបស់មេដឹកនាំលោក គីម ជុងអ៊ុន យ៉ាងច្បាស់ក្រឡែត។ សម្រាប់សហគមន៍អន្តរជាតិ ទង្វើលើកតម្កើងការធ្វើអត្តឃាតក្នុងសង្គ្រាមនេះ គឺជាការរំលោភសិទ្ធិមនុស្ស និងតម្លៃជីវិតមនុស្សជាតិយ៉ាងធ្ងន់ធ្ងរបំផុត៕

លោក គីម ជុងអ៊ុន និងលោក អាន់ដ្រេ ប៊េលូសូវ 
លោក គីម ជុងអ៊ុន និងលោក អាន់ដ្រេ ប៊េលូសូវ 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត