
រដ្ឋធានីវ៉ាស៊ីនតោន៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Axios (អាក់ស៊ីអូស) នៅព្រឹកថ្ងៃទី២៧ ខែមេសានេះ ប្រទេសអ៊ីរ៉ង់ បានបញ្ជូនសំណើសន្តិភាពថ្មីមួយទៅកាន់សហរដ្ឋអាម៉េរិក ដោយបង្ហាញគោលបំណងរបស់អ៊ីរ៉ង់ ក្នុងការបើកច្រកសមុទ្ទហ័រមូស្សឡើងវិញ តែទាមទារឱ្យអាម៉េរិក បញ្ចប់សង្គ្រាមដែលកំពុងឆាបឆេះ និងត្រូវផ្អាកនិយាយពីរឿងកម្មវិធីអភិវឌ្ឍនុយក្លេអែរបស់អ៊ីរ៉ង់។

សំណើនេះ ត្រូវបានបញ្ជូនតាមរយៈអ្នកសម្របសម្រួលក្នុងប្រទេសប៉ាគីស្ថាន ដោយមានខ្លឹមសារសំខាន់ គឺការស្នើសុំផ្អឹបកិច្ចចរចាលើកម្មវិធីនុយក្លេអ៊ែទុកទៅមួយឡែកសិន ដោយផ្ដោតជាសំខាន់លើការពង្រីកបទឈប់បាញ់ និងការបើកផ្លូវទឹកយុទ្ធសាស្ត្រនេះ ដែលបច្ចុប្បន្នកំពុងបង្កជាវិបត្តិផ្គត់ផ្គង់ប្រេងដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រពិភពលោក។ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានទទួលស្គាល់ថា សំណើចុងក្រោយនេះ មានលក្ខណៈល្អប្រសើរជាងមុនឆ្ងាយ បន្ទាប់ពីលោកបានប្រើធម៌ក្ដៅ ដោយលុបចោលដំណើរទស្សនកិច្ចរបស់បេសកជនទៅកាន់ប៉ាគីស្ថាន ជាទីកន្លែងរៀបចំជំនួបចរចារវាងអាម៉េរិក និងអ៊ីរ៉ង់។

ភ្លាមៗ បន្ទាប់ពីព័ត៌មានអំពីសំណើសន្តិភាពនេះត្រូវបានទម្លាយចេញ តម្លៃប្រេងបានចាប់ផ្ដើមថយចុះ ដែលឆ្លុះបញ្ចាំងពីក្តីសង្ឃឹមរបស់វិនិយោគិនចំពោះការបន្ធូរបន្ថយភាពតានតឹង។ លោក ត្រាំ បានកត់សម្គាល់ថា ទោះបីជាអ៊ីរ៉ង់បានផ្ដល់លក្ខខណ្ឌច្រើនជាងមុនក៏ដោយ ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់សម្រាប់តម្រូវការរបស់សហរដ្ឋអាម៉េរិកនៅឡើយទេ។ បច្ចុប្បន្ន សេតវិមានមិនទាន់បានឆ្លើយតបជាផ្លូវការចំពោះសំណើនេះទេ ខណៈពិភពលោកកំពុងតាមដានយ៉ាងដិតដល់ ថាតើការបិទខ្ទប់ច្រកសមុទ្ទហ័រមូស្ស នឹងត្រូវដោះស្រាយតាមផ្លូវការទូត ឬយ៉ាងណា៕



