
ក្រុងព្រះសីហនុ៖ អនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ បានពិនិត្យ និងសម្រេចអនុម័តគម្រោងវិនិយោគថ្មីចំនួន២ បន្ទាប់ពីបានដាក់សំណើសុំវិនិយោគដោយធុរជនបរទេស ដែលគម្រោងទាំងនេះ សុទ្ធសឹងមានសក្ដានុពលខ្ពស់ក្នុងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ…។

ការអនុម័តនេះ ធ្វើឡើងយ៉ាងល្អិតល្អន់ក្នុងកិច្ចប្រជុំរបស់អនុគណៈកម្មាធិការវិនិយោគខេត្ត ក្រោមអធិបតីភាព លោក ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២៩មេសា។ របាយការណ៍សង្ខេបរបស់មន្ត្រីជំនាញ លោក ឃាង ភារម្យ បានឱ្យដឹងថា គម្រោងទីមួយជារបស់ក្រុមហ៊ុន SHV Manufacturing (Cambodia) Co., Ltd បានបោះទុនវិនិយោគប្រមាណ៤លានដុល្លារអាម៉េរិក នៅលើផ្ទៃដីទំហំ៣០០០ម៉ែត្រការ៉េ ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ផ្តោតលើការផលិតសម្ភារប្រើប្រាស់សម្រាប់សត្វចិញ្ចឹម និងចំណីសត្វ។ ចំពោះផលិតផលដែលផលិតបាន នឹងត្រូវនាំចេញទៅកាន់ទីផ្សារបរទេសធំៗរួមមាន៖ សហរដ្ឋអាម៉េរិក កាណាដា អាម៉េរិកខាងត្បូង ជប៉ុន និងសហភាពអឺរ៉ុប។ ដំណាក់កាលដំបូង ក្រុមហ៊ុនត្រូវការកម្មករ-និយោជិតចំនួន២២៦នាក់ និងនៅពេលដំណើរការពេញលេញ នឹងមានតម្រូវការកើនឡើងដល់ទៅ៣២៦នាក់ (អ្នកបច្ចេកទេសបរទេសប្រមាណ២៧នាក់)។

ដោយឡែក គម្រោងទី២ របស់ក្រុមហ៊ុន FORCOME (CAMBODIA) CO., LTD មានទីតាំងស្ថិតក្នុងឃុំអូរជ្រៅ និងឃុំអូរត្រេះ ស្រុកស្ទឹងហាវ បានស្នើសុំនាំចូលគ្រឿងចក្រ សម្ភារផលិតកម្ម និងវត្ថុធាតុដើម ដើម្បីបម្រើឱ្យសង្វាក់ផលិតកម្មលើផ្ទៃដី២០០០ម៉ែត្រការ៉េ ដើម្បីផលិតគ្រឿងម៉ាស៊ីន និងគ្រឿងបរិក្ខារផ្សេងៗ។ ក្រុមហ៊ុននេះបានធ្វើការនាំចូលវត្ថុធាតុដើមចំនួនពីរលើករួចមកហើយ ដើម្បីត្រៀមផលិតសម្រាប់នាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក និងសភាពអឺរ៉ុប។ លោក ម៉ាង ស៊ីណេត បានគាំទ្រគម្រោងទាំងពីរនេះ យ៉ាងពេញទំហឹង និងបានលើកទឹកចិត្តឱ្យម្ចាស់ក្រុមហ៊ុនជួយផ្សព្វផ្សាយ និងណែនាំដល់អ្នកវិនិយោគិនដទៃទៀត ឱ្យមកបណ្តាក់ទុននៅខេត្តព្រះសីហនុបន្ថែមទៀត ព្រោះខេត្តនេះ មានសក្តានុពលខ្លាំង និងអំណោយផលល្អដល់វិនិយោគិនបរទេស៕




