គម្រោងរោងចក្រថ្មី២បន្ថែមទៀត នឹងលេចរូបរាងឡើងក្នុងស្រុកព្រៃនប់
S
Soriya Sou
12 ម៉ោងមុន

ក្រុងព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចអនុម័តគម្រោងបង្កើតរោងចក្រថ្មីចំនួន២បន្ថែមទៀត ក្នុងកិច្ចប្រជុំដឹកនាំដោយលោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី១៩កុម្ភៈ ឆ្នាំ២០២៦។   

លោក ម៉ាង ស៊ីណេត បានបញ្ជាក់ថា គម្រោងដែលត្រូវបានអនុម័តទាំង២ រួមមាន៖ ក្រុមហ៊ុន កាកា ខេមបូឌា អៅដរ លីវីង (KAKA CAMBODIA OUTDOOR LIVING) វិនិយោគលើការបង្កើតរោងចក្រផលិតគ្រឿងសង្ហារិម សម្ភារប្រើប្រាស់ក្នុងផ្ទះគ្រប់ប្រភេទ ទ្វាររបង និងគ្រឿងបន្ទាប់បន្សំផ្សេងៗ និងក្រុមហ៊ុន ហ្ស៊ីនរុន មេធល ប្រដាក់ (XINRUN METAL PRODUCT) វិនិយោគលើការបង្កើតរោងចក្រកែច្នៃលោហធាតុ ដូចជា ស៊ុមកៅអី-តុ រឺស័រ និងកន្លាស់ ។ល។

រោងចក្រទាំង២នេះ នឹងបោះទីតាំងនៅភូមិព្រែកក្រាញ់ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីជំរុញសន្ទុះសេដ្ឋកិច្ច និងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ រដ្ឋបាលខេត្ត អះអាងថា ការបន្តអនុម័តគម្រោងវិនិយោគថ្មីនេះ បានបង្ហាញពីការជឿជាក់របស់អ្នកវិនិយោគមកលើសក្តានុពលនៃខេត្តព្រះសីហនុ ជាពិសេសតំបន់ស្រុកព្រៃនប់ ដែលកំពុងប្រែក្លាយជាតំបន់ឧស្សាហកម្មដ៏សំខាន់។ អភិបាលខេត្តព្រះសីហនុ បានណែនាំឱ្យក្រុមហ៊ុនទាំងពីរ ត្រូវអនុវត្តតាមច្បាប់ជាធរមាន បទដ្ឋានបច្ចេកទេស និងគិតគូរខ្ពស់ពីផលប៉ះពាល់បរិស្ថាន ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត