មន្ត្រីនគរបាលជក់បារីអេឡិចត្រូនិក គំរាមចាប់ពលរដ្ឋដាក់គុកករណីគ្រោះថ្នាក់ចរាចរណ៍ ពេលនេះរបូតអស់កន្លះស័ក្តិ
អាន ប៊ុនរ័ត្ននៈ
មួយម៉ោងមុន

រាជធានីភ្នំពេញ៖ មន្ត្រីនគរបាលម្នាក់ស្លៀកពាក់ស៊ីវិល ដែលត្រូវបានគេស្គាល់ឈ្មោះ ខៀវ សុងច័ន្ទសុធា ពាក់ស័ក្តិ៥ បានប្រើពាក្យសម្តីមិនសមរម្យ និងគំរាមចាប់ពលរដ្ឋដាក់គុក ព្រោះតែជិះរថយន្តបុកគូទរថយន្តលោកចតលើផ្លូវពីក្រោយ ពេលនេះ ត្រូវបានក្រសួងមហាផ្ទៃ ចាត់វិធានការច្បាប់រដ្ឋបាលលើមន្ត្រីនគរបាលរូបនេះហើយ ដោយបន្ថយកន្លះស័ក្តិ ពោលគឺពីស័ក្តិ៥ មកនៅស័ក្តិ៤កន្លះ...។

បន្ទាប់ពីមានប្រតិកម្មពីមហាជនដូចទឹកបាក់ទំនប់ ពេលនេះ ក្រសួងមហាផ្ទៃ បានចាត់វិធានការរដ្ឋបាលលើមន្ត្រីនគរបាល ខៀវ សុងច័ន្ទសុធា ជុំវិញករណីជក់បារីអេឡិចត្រូនិក ដោយថ្នាក់ដឹកនាំក្រសួង តម្រូវឱ្យពិនិត្យរកសារធាតុញៀនផងដែរ ប៉ុន្តែមន្ត្រីនគរបាលរូបនេះ មិនមានសារធាតុញៀនត្រូវបានរកឃើញឡើយ ទើបមានការអនុវត្តទោសទណ្ឌផ្នែករដ្ឋបាល ដោយត្រូវដកកន្លះស័ក្តិ ទុកជាការវិន័យ។ ចំពោះករណីបារីអេឡិកត្រូនិកនេះដែរ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ពាក់ព័ន្ធនឹងវិធានការហាមឃាត់ការនាំចូល ចែកចាយ លក់ ផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ កាន់កាប់ ផលិត និងស្តុកទុកនូវឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់។

ជាមួយគ្នា សម្តេចនាយករដ្ឋមន្ត្រី បានដាក់បទបញ្ជាដល់គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ និងមន្ត្រីថ្នាក់ក្រោមជាតិ ត្រូវចាត់វិធាន​ការ​ដាក់ទណ្ឌកម្មរដ្ឋបាល ចំពោះមន្ត្រីរាជការសាធារណៈ មន្ត្រីនគរបាល មន្ត្រីយោធាដែលជក់ ឬពាក់ព័ន្ធជាមួយនឹងបារីអេឡិចត្រូនិកនេះ។ គួរបញ្ជាក់ផងដែរថា កាលពីយប់ថ្ងៃទី២៣មេសា មានហេតុការណ៍គ្រោះ​ថ្នាក់​ចរាចរណ៍មួយរវាង រថយន្តពលរដ្ឋម្នាក់បានបើកបុកគូទរថយន្តចតចោលនៅលើផ្លូវសាធារណៈ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានី​ភ្នំ​ពេញ។ ភ្លាមនោះ ក៏មានបុរសម្នាក់ចេញមកជជែកតវ៉ាជាមួយម្ចាស់រថយន្តបង្ក ដោយបានប្រើពាក្យសម្តីគំរាមចាប់ម្ចាស់រថយន្តបង្កដាក់គុក និងជក់បារីអេឡិកត្រូនិកយ៉ាងព្រងើយ ដែលក្រោយមកបុរសនោះ ត្រូវបានគេស្គាល់អត្តសញ្ញាណ ជាវរសេនី​យ៍ឯក ខៀវ សុងច័ន្ទសុធា មាន​តួ​នា​ទី​ជាអនុប្រធាននាយកដ្ឋាន ចំណុះគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង​អំពើជួញ​ដូរ​មនុស្ស (គ.ជ.ប.ជ) នៃក្រសួង​មហា​ផ្ទៃ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត