សមត្ថកិច្ចចម្រុះ ចុះឡោមព័ទ្ធអគារអនឡាញស្កេម ឃាត់ខ្លួនជនបរទេសមិនតិចជាងពាន់នាក់ បណ្ដាលឱ្យផ្ទុះអាវុធច្រើនគ្រាប់
អាន ប៊ុនរ័ត្ននៈ
មួយម៉ោងមុន

ក្រុងប៉ោយប៉ែត៖ កម្លាំងសមត្ថកិច្ចចម្រុះ នៃអគ្គស្នងការនគរបាលជាតិ និងស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ បានចុះឡោមព័ទ្ធអគារអនឡាញស្កេមមួយកន្លែង ស្ថិតនៅតំបន់សេដ្ឋកិច្ចសាន់កូ ក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ...។

អាជ្ញាធរបានឃាត់ខ្លួនជនបរទេសចម្រុះជាតិសាស្ត្រ មិនតិចជាងពាន់នាក់ឡើយក្នុងកំលុងពេលប្រតិបត្តិការ និងបណ្ដាលឱ្យមានការផ្ទុះអាវុធជាច្រើនគ្រាប់ផងដែរ។ ប្រតិបត្តិការខាងលើ ដឹកនាំបង្ក្រាបដោយលោកឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ, លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលបានដឹកនាំកម្លាំងនគរបាលចម្រុះជាង៥០០នាក់។ ប្រតិបត្តិការបង្ក្រាបទីតាំងអនឡាញស្កេមនៅតំបន់សេដ្ឋកិច្ចសាន់កូនេះដែរ កម្លាំងសមត្ថកិច្ចបានធ្វើការឡោមព័ទ្ធបរិវេណជុំវិញអគារយ៉ាងជុំជិត ខណៈក្រុមឧក្រិដ្ឋជនបានយករថយន្ត១គ្រឿងបុកជញ្ជាំងបេតុង ដើម្បីសម្រុករត់ចេញយ៉ាងប្រសេចប្រសាច  ទើបកម្លាំងសមត្ថកិច្ចចម្រុះ បង្ខំចិត្តប្រើប្រាស់អាវុធបាញ់គំរាមជាច្រើនគ្រាប់ ដើម្បីទប់ស្កាត់ពួកគេ។

ជាមួយគ្នានេះផងដែរ សមត្ថកិច្ចបានប្រើប្រាស់កម្លាំងចម្រុះប្រមាណជាង៥០០នាក់ប្រដាប់ដោយអាវុធ និងរថយន្តពន្លត់អគ្គិភ័យ៥ទៅ៦គ្រឿង ដើម្បីការពារជនបរទេសទាំងនោះដុតសម្ភារក្នុងអគារ និងទប់ស្កាត់មិនឱ្យពួកគេសម្រុកចេញពីអគារអនឡាញស្កេមនៅះឡើយ ខណៈតំបន់សេដ្ឋកិច្ចសាន់កូដែលមានផ្ទៃដីប្រមាណជិត២០ហិកតានេះ មានអគារស្នាក់នៅជាច្រើនល្វែង ដែលជនបរទេសមិនតិចជាងពាន់នាក់កំពុងស្នាក់នៅ។ កម្លាំងសមត្ថកិច្ចចម្រុះ បានចុះប្រតិបត្តិការបង្ក្រាបទីតាំងស្កេមអនឡាញត្រឹមតែ១កន្លែងប៉ុណ្ណោះ ឃាត់ខ្លួនជនបរទេសមិនតិចជាងពាន់នាក់ឡើយ ដោយបានចាប់បញ្ជូនក្រុមឧក្រិដ្ឋជនទាំងនោះ ដឹកតាមរថយន្តចេញជាបន្តបន្ទាប់ ទាំងដែលកម្លាំងសមត្ថកិច្ចចម្រុះ កំពុងនៅបន្តអនុវត្តបង្ក្រាបបទល្មើសឆបោកតាមប្រព័ទ្ធបច្ចេកវិទ្យាអនឡាញស្កេមនេះ នៅទីតាំងដដែល៕ រាយការណ៍ដោយ៖ ឈុន មករា

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត