របាយការណ៍ថ្មី ក្រសួងព័ត៌មានស្ទង់មតិឃើញសេរីភាពសារព័ត៌មានកម្ពុជា នៅបន្តមានភាពល្អប្រសើរ
អុន សម្ផស្ស
2 ម៉ោងមុន

រាជធានីភ្នំពេញ៖ ក្រសួងព័ត៌មាន ចេញផ្សាយរបាយការណ៍ថ្មីមួយដែលបង្ហាញថា ៨០,៨ភាគរយនៃ​អ្នក​សារ​ព័ត៌មាន​បាន​ផ្តល់​មតិ​ថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា មានភាពល្អប្រសើរ បើទោះបីជាកម្ពុជាកំពុងស្ថិតនៅក្នុងបរិបទនៃសង្គ្រាមថៃឈ្លានពានតាមព្រំដែនក៏ដោយ..។

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ នាទីស្តីការក្រសួងថា ទោះបីការអនុវត្តការងារសារព័ត៌មានបានប្រព្រឹត្តទៅក្នុងកាលៈទេសៈប្រទេសជួបវិបត្តិដោយសារការឈ្លានពានប្រដាប់អាវុធខុសច្បាប់របស់យោធាថៃមកលើអធិបតេយ្យ និងបូរណភាពដែនដីកម្ពុជា ក៏លំហសេរីភាព និងបរិយាកាសសម្រាប់ការអនុវត្តវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា ត្រូវបានធានា និងបន្តលើកកម្ពស់នៅក្នុងក្របខណ្ឌនៃការគោរពច្បាប់ និងក្រមសីលធម៌ត្រឹមត្រូវ។ ក្នុងបរិបទនេះ អ្នកចូលរួមស្ទង់មតិចំនួន៧៥,២៦ភាគរយ បានវាយតម្លៃថា សណ្តាប់ធ្នាប់សារព័ត៌មាននៅកម្ពុជា មានលក្ខណៈល្អប្រសើរ ដែលសន្ទស្សន៍នៃការវាយតម្លៃសណ្តាប់ធ្នាប់សារព័ត៌មាននេះ មានការកើនឡើងប្រមាណ៣,៤៦ភាគរយ បើប្រៀបធៀប នឹងការវាយតម្លៃក្នុងឆ្នាំ២០២៥ ដែលមានចំនួន៧១,៨ភាគរយ។

គួរជ្រាបថា សម្រាប់ឆ្នាំ២០២៦ ក៏ដូចឆ្នាំមុនៗដែរ ក្រសួងព័ត៌មានបានរៀបចំរបាយការណ៍នេះឡើង ជាមួយគោលបំណងសំខាន់ចំនួន៣ រួមមាន៖ ១.ដើម្បីវាយតម្លៃលើខ្លួនឯង អំពីការរីកចម្រើន បញ្ហាប្រឈម និងចំណុចដែលត្រូវកែលម្អក្នុងវិស័យសារព័ត៌មាន ហើយធានាថា ការអភិវឌ្ឍវិស័យនេះមានទិសដៅច្បាស់លាស់។ ២.ដើម្បីផ្តល់ព័ត៌មានផ្លូវការផ្អែកលើទិន្នន័យ និងការពិតជូនដល់សាធារណជនជាតិ និងអន្តរជាតិ ជំនួសឱ្យការវាយតម្លៃ បែបលម្អៀងដែលមិនបានឆ្លុះបញ្ចាំងនូវបរិបទពិតរបស់កម្ពុជា។ ៣.ដើម្បីបង្ហាញពីឆន្ទៈរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិជ្ជាជីវៈសារព័ត៌មាន ការគោរពច្បាប់ ការទទួលខុសត្រូវ និងបរិយាកាសព័ត៌មានដែលមានតុល្យភាព រវាងសេរីភាព និងស្ថិរភាពសង្គម៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត