ដំណើរការជាង១០ឆ្នាំ ពេលនេះក្រុមសង្គ្រោះបឋមក្រុងប៉ោយប៉ែត បិទបញ្ចប់សកម្មភាព ធ្វើឱ្យពលរដ្ឋសោកស្តាយជាខ្លាំង
S
Sreyleak Yith
3 ម៉ោងមុន

ក្រុងប៉ោយប៉ែត៖ ក្រោយដំណើរការរយៈពេល១៣ឆ្នាំ ក្នុងសកម្មភាពបម្រើពលរដ្ឋ ក្រុមសង្គ្រោះបឋមក្រុងប៉ោយប៉ែត បានប្រកាសបិទបញ្ចប់សកម្មភាពទាំងអស់ជាផ្លូវការ ចាប់ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ តទៅ។ នេះបើតាមការបញ្ជាក់នៅលើហ្វេសប៊ុក លោក នួន នីគីដា ស្ថាបនិកក្រុមសង្គ្រោះបឋមក្រុងប៉ោប៉ែត។

លោក នួន នីគីដា បង្ហោះសេចក្ដីជូនដំណឹងដូច្នេះថា៖«ក្រុមសង្គ្រោះបឋមក្រុងប៉ោយប៉ែត..ត្រូវបានបិទបញ្ចប់គ្រប់សកម្មភាពទាំងអស់»។ ជាមួយគ្នា នៅលើរូបភាពជាច្រើនសន្លឹក លោកបានសរសេរពាក្យថា «កម្រងអនុស្សាវរីយ៍១៣ឆ្នាំ សម្រាប់រូបខ្ញុំ និងប្អូនៗ»។ ក្រោយទទួលដំណឹងបែបនេះ ពលរដ្ឋដែលរស់នៅក្រុងប៉ោយប៉ែតជាច្រើន  បានបង្ហាញអារម្មណ៍ស្តោកស្តាយជាខ្លាំង ដោយមិនចង់ឱ្យក្រុមសង្គ្រោះបឋមបិទបញ្ចប់ឡើយ ព្រោះរយៈពេលជាង១០ឆ្នាំមកនេះ ក្រុមសង្គ្រោះបានដើរតួនាទីសំខាន់ក្នុងការជួយសង្គ្រោះជីវិតប្រជាពលរដ្ឋ ការឆ្លើយតបទៅនឹងហេតុការណ៍បន្ទាន់ និងការចូលរួមសកម្មភាពមនុស្សធម៌ជាច្រើននៅក្នុងសហគមន៍។ សកម្មភាពទាំងនេះ ត្រូវបានអនុវត្តដោយមានវិជ្ជាជីវៈ ទឹកចិត្តស្ម័គ្រចិត្ត និងការលះបង់ខ្ពស់ពីសមាជិកក្រុម។

យ៉ាងណា គេមិនទាន់ដឹងពីមូលហេតុ នៃការសម្រេចចិត្តបិទបញ្ចប់សកម្មភាពរបស់ ក្រុមសង្គ្រោះបឋមក្រុងប៉ោយប៉ែតនោះទេ។ អង្គភាពសារព័ត៌មាន SBM News បានទាក់ទងតាមបណ្តាញតេឡេក្រាមទៅកាន់លោក នួន នីគីដា តែលោកមិនទាន់មានការឆ្លើយតបឡើយ គិតមកទល់ម៉ោងចេញផ្សាយនេះ៕

រាយការណ៍ដោយលោក ឈុន មករា ភ្នាក់ងារ SBM News ប្រចាំខេត្តបន្ទាយមានជ័យ​

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត