
រដ្ឋធានីអ៊ីស្លាម៉ាបាដ៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានអះអាងនៅថ្ងៃអាទិត្យទី២៦ ខែមេសា ថា អ៊ីរ៉ង់អាចទូរសព្ទទៅអាម៉េរិកបានគ្រប់ពេល ប្រសិនបើចង់ចរចាដើម្បីបញ្ចប់សង្គ្រាម ខណៈរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបាស អារ៉ាក់ឈី (Abbas Araghchi) នឹងហោះទៅជួបជជែកជាមួយបុរសខ្លាឃ្មុំទឹកកករុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន...។

លោក ត្រាំ បានលុបចោលគម្រោងដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានីអ៊ីស្លាម៉ាបាដរបស់បេសកជនខ្លួន គឺលោក ស្ទីវ វីតកូហ្វ (Steve Witkoff) និងលោក ចារ៉េដ ឃូស្នឺ (Jared Kushner)។ លោក ត្រាំ បានលើកឡើងនៅក្នុងបទសម្ភាសជាមួយ Fox News ថា៖«ប្រសិនបើពួកគេចង់ចចារ ពួកគេអាចមករកយើង ឬពួកគេអាចទូរសព្ទមកយើងបាន។ [...] យើងមានខ្សែទូរសព្ទដែលមានសុវត្ថិភាពល្អណាស់»។ លោកបានបន្ថែមថា៖«ពួកគេដឹងថា អ្វីដែលត្រូវមាននៅក្នុងកិច្ចព្រមព្រៀង។ វាសាមញ្ញណាស់ ពួកគេមិនអាចមានអាវុធនុយក្លេអ៊ែរបានទេ បើមិនដូច្នេះទេ គ្មានហេតុផលអ្វីដែលត្រូវជួបគ្នាឡើយ»។

ទោះបីជាមានបទឈប់បាញ់ក៏ដោយ ក៏មិនទាន់មានកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេច ដើម្បីបញ្ចប់សង្គ្រាម ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងធ្វើឱ្យតម្លៃប្រេងហក់ឡើងខ្ពស់នោះទេ។ អ៊ីរ៉ង់បានបិទច្រកសមុទ្ទហ័រមូស្ស ដែលជាផ្លូវដឹកជញ្ជូនប្រេងចំនួន២០ភាគរយនៃពិភពលោក។ យ៉ាងណា អាម៉េរិក បានដាក់ការបិទខ្ទប់កំពង់ផែរបស់អ៊ីរ៉ង់ដើម្បីជាការសងសឹក និងដាក់សម្ពាធលើរដ្ឋធានីតេហេរ៉ង់។ សូមជម្រាបថា រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ បានចាកចេញពីប៉ាគីស្ថានឆ្ពោះទៅកាន់ប្រទេសរុស្ស៊ី ដើម្បីជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់រុស្ស៊ី ជាពិសេសលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន។ វិមានក្រែមឡាំង បានបញ្ជាក់ថា លោក ពូទីន នឹងជួបជាមួយលោក អារ៉ាក់ឈី នៅថ្ងៃចន្ទទី២៧ ខែមេសានេះ ក្នុងទីក្រុង សេន ភីធើស៍ប៊ឺក (St. Petersburg)។

ជាមួយគ្នា ប្រធានាធិបតីអ៊ីរ៉ង់ លោក មាស៊ូដ ប៉េហ្សេគៀន (Masoud Pezeshkian) បានប្រាប់នាយករដ្ឋមន្ត្រីប៉ាគីស្ថានតាមទូរសព្ទថា រដ្ឋធានីតេហេរ៉ង់នឹងមិនចូលរួមក្នុងការចរចា ដែលត្រូវបានបង្ខិតបង្ខំ នៅក្រោមការគំរាមកំហែង ឬការបិទខ្ទប់នោះទេ។ ប្រធានាធិបតីរូបនេះ ទាមទារឱ្យសហរដ្ឋអាម៉េរិកដកចេញនូវឧបសគ្គនានា រួមទាំងការបិទផ្លូវទឹកជាមុនសិន ទើបមានកិច្ចចចារជាមួយអ៊ីរ៉ង់៕



