ចោរលំដាប់រដ្ឋ! ក្រុម Hacker កូរ៉េខាងជើង លួចបូមលុយគ្រីបតូជិត៣០០លានដុល្លារ យកទៅបង្កើនកញ្ចប់ថវិកាផលិតអាវុធនុយក្លេអ៊ែរ
N
Nary Vann
4 ម៉ោងមុន

រដ្ឋធានីព្យុងយ៉ាង៖ ក្រុម Hacker ដ៏ល្បីល្បាញរបស់កូរ៉េខាងជើង ត្រូវបានគេជឿថា ជាអ្នកនៅពីក្រោយអំពើចោរកម្មលួចកាក់ឌីជីថល ឬលុយគ្រីបតូ (Cryptocurrency) ចំនួនជិត៣០០លានដុល្លារ កាលពីចុងសប្តាហ៍កន្លងទៅ ដែលវាជាការលួចលុយគ្រីបតូដ៏ធំបំផុតក្នុងឆ្នាំ២០២៦...។

យោងតាមរបាយការណ៍ពីអង្គការសហប្រជាជាតិ កូរ៉េខាងជើង បានប្រើប្រាស់កម្មវិធីឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិតដ៏ទំនើបរបស់ខ្លួន ដើម្បីលួចលុយឌីជីថលយកទៅជួយឧបត្ថម្ភដល់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ខណៈប្រទេសនេះកំពុងរងទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។ យោងតាមគេហទំព័រព័ត៌មាន CoinDesk ឧក្រិដ្ឋកម្មនេះ បានកើតឡើងលើប្រព័ន្ធវិនិយោគអនឡាញ KelpDAO ដោយក្រុមចោរបានវាយលុកចូលទៅក្នុងម៉ាស៊ីនមេ (Server) ចំនួនពីរ គ្រប់គ្រងដោយកម្មវិធី Layer Zero។ ការជ្រៀតចូលនេះ បានអនុញ្ញាតឱ្យ Hacker បូមយកកាក់ឌីជីថលមានតម្លៃប្រហែល ២៩០លានដុល្លារ ចេញពីប្រព័ន្ធបានដោយជោគជ័យ។ ក្រុមហ៊ុន Layer Zero បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា សញ្ញាដំបូងបង្ហាញថា អំពើនេះ គឺជាស្នាដៃរបស់ក្រុម Lazarus Group ដែលជាក្រុម Hacker កំពូលរបស់រដ្ឋាភិបាលរដ្ឋធានីព្យុងយ៉ាង។

លោក ហេនរី អាស្លានៀន (Henri Arslanian) សហស្ថាបនិកក្រុមហ៊ុន Nine Blocks Capital Management បានលើកឡើងថា មានតែក្រុម Lazarus របស់កូរ៉េខាងជើងប៉ុណ្ណោះ ដែលមានជំនាញ និងឥទ្ធិពលគ្រប់គ្រាន់ ក្នុងការបើកការវាយប្រហារដ៏ធំបែបនេះ។ លោកបន្ថែមថា ព្រឹត្តិការណ៍នេះ នឹងធ្វើឱ្យអ្នកវិនិយោគថ្មីៗមានការភ័យខ្លាចក្នុងការឈានជើងចូលទៅក្នុងពិភពហិរញ្ញវត្ថុ ដែលគ្មានមជ្ឈមណ្ឌលគ្រប់គ្រង។ គួររំឭកថា ចាប់តាំងពីឆ្នាំ២០១៧មក កូរ៉េខាងជើងត្រូវបានគេប៉ាន់ប្រមាណថា បានលួចលុយគ្រីបតូអស់ជាង៣ពាន់លានដុល្លារហើយ ដើម្បីយកទៅចិញ្ចឹមមហិច្ឆតាអាវុធមហាប្រល័យរបស់ខ្លួន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត