សមត្ថកិច្ចព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបបានក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាហែកគណនីធនាគារ
អុន សម្ផស្ស
04 មីនា 2024 03:30 AM

ខេត្តកំពត៖ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្ម សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពត កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១១:៣០នាទី បានបើកប្រតិបត្តិការស្រាវជ្រាវបង្ក្រាបបានជនសង្ស័យម្នាក់ជាស្តី្រដែលជាបក្ខពួកក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហែកគណនីធនាគារ និងទិញគណនីធនាគារ ដើម្បីផ្ទេរប្រាក់បន្ដ...។

រួបភាព៖ ជនសង្ស័យ ចាប សាវី 
រួបភាព៖ ជនសង្ស័យ ចាប សាវី 

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ក្រោយទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១២:៣៦នាទី ថាមានករណី ឆបោកជនរងគ្រោះឈ្មោះ ថុន សុនៀវ ភេទស្រី អាយុ២៨ឆ្នាំ នៅភូមិទឹកក្រហម  ឃុំកណ្ដោល ស្រុកទឹកឈូ ខេត្តកំពត ខាតបង់ប្រាក់ចំនួន៤០០០ដុល្លារ។ កម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តកំពត បានស្នើមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីសុំធ្វើការសហការការស្រាវជ្រាវតាមនីតិវិធី និងជំនាញរហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យឈ្មោះ ចាប សាវី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ នៅចំណុចភូមិព្រៃព្រីង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចអះអាងបន្ថែមថា ជនល្មើសមានគ្នាជាក្រុមច្រើនហើយចាត់តាំងអ្នកខ្លះធ្វើសកម្មភាពហែកគណនីធនាគារ យកទៅប្រើប្រាស់ និងអ្នកខ្លះទៀតទិញគណនីធនាគារ ដើម្បីផ្ទេរប្រាក់បន្ដ ពេលធ្វើសកម្មភាព។ នៅថ្ងៃកើតហេតុជនល្មើសបានធ្វើសកម្មភាពឆបោកប្រាក់ពីជនរងគ្រោះឱ្យផ្ទេរចូលទៅក្នុងគណនីធនាគារដែលហែកបាន រួចផ្ទេរប្រាក់បន្ដទៅគណនី ដែលបានទិញជាបន្ដបន្ទាប់ទៀត ដែលមានឈ្មោះ ចាប សាវី ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានពេលនេះ។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពត ដែលជាម្ចាស់ករណីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់។

សូមរំឭកថា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ កន្លងទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏ធ្លាប់បានឃាត់ខ្លួនស្ត្រីម្នាក់ដែលជាប់ពាក់ព័ន្ធក្នុងករណីប្រមូលទិញគណនីធនាគារពីប្រជាពលរដ្ឋ ដើម្បីលក់បន្តទៅឱ្យបក្ខពួករបស់ខ្លួន ក្នុងបំណងប្រើប្រាស់ឆបោកប្រាក់ដូចករណីនេះដែរ។ ការឃាត់ខ្លួននោះធ្វើឡើងក្រោយពេលដែល នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ទទួលបណ្តឹងពីជនរងគ្រោះពាក់ព័ន្ធនឹងជនមិនស្គាល់អត្តសញ្ញាណ លួចប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គម(Telegram) ដោយធ្វើការឆបោកប្រាក់ដោយប្រើមធ្យោបាយតាមរយៈការផ្ទេរប្រាក់ចូលគណនី ABA៕ រាយការណ៍ដោយ៖ ភ្នាក់ងារខេត្តព្រះសីហនុ

រួបភាព៖ ស្ត្រីដែលត្រូវនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ឃាត់ខ្លួនកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤
រួបភាព៖ ស្ត្រីដែលត្រូវនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ឃាត់ខ្លួនកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត