ទោះរងបញ្ហាប្រឈមថ្មីៗ AMRO មើលឃើញកម្ពុជាបន្តរក្សាអត្រាកំណើនសេដ្ឋកិច្ចល្អ
S
Soriya Sou
5 ម៉ោងមុន

រាជធានីភ្នំពេញ៖ ទោះកត្តាប្រឈមថ្មីៗអាចធ្វើឱ្យសន្ទុះកំណើនសេដ្ឋកិច្ចមានការថមថយខ្លះ តែកម្ពុជានៅតែរក្សាបានអត្រាកំណើនសេដ្ឋកិច្ចល្អ ដោយកត្តាសំខាន់ចំនួន២។ នេះជាការមើលឃើញរបស់លោក យ៉ាស៊ូតុ វឌ្ឍនាបេ (Yasuto Watanabe) តំណាងអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ (AMRO)…។

កាលពីថ្ងៃទី២៨មេសា លោក យ៉ាស៊ូតុ វឌ្ឍនាបេ បានអញ្ជើញចូលជួបពិភាក្សាការងារជាមួយលោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ដោយក្នុងជំនួបនេះតំណាងអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ បានលើកឡើងពីភាពធន់នៃសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍ដែលសកលលោកកំពុងជួបប្រទះ កត្តាប្រឈមមួយចំនួនដូចជា៖ ជម្លោះភូមិសាស្ត្រនយោបាយ និងការឡើងថ្លៃប្រេងឥន្ធនៈ។ លោកបានបញ្ជាក់ពីឥទ្ធិពលនៃកត្តាប្រឈមថ្មីៗ ដែលអាចធ្វើឱ្យសន្ទុះកំណើនសេដ្ឋកិច្ចកម្ពុជាមានការថមថយខ្លះៗ ប៉ុន្តែក៏នៅរក្សាបានអត្រាកំណើនល្អ ដោយសារកម្ពុជាមានមូលដ្ឋានសេដ្ឋកិច្ចរឹងមាំ និងការឆ្លើយតបគោលនយោបាយមានប្រសិទ្ធភាព។ លើសពីនេះ លោកក៏បានលើកឡើងពីសារសំខាន់ នៃការរក្សាបាននូវទំនុកចិត្តលើប្រព័ន្ធធនាគារ ស្ថានភាពគុណភាពឥណទាន និងការអនុវត្តវិធានការមួយចំនួនផងដែរ។

លោកស្រី ជា សិរី បានថ្លែងអំណរគុណចំពោះលោក យ៉ាស៊ូតុ វឌ្ឍនាបេ តំណាងអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ ដែលបានចែករំលែកទស្សនាទានពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា។ ប្រធានធនាគារជាតិ បានបញ្ជាក់បន្ថែមពីអទិភាពនៃការពង្រីកឥណទានដល់សហគ្រាសខ្នាតតូច និងមធ្យម (SMEs) និងការលើកកម្ពស់ហិរញ្ញវត្ថុប្រកបដោយចីរភាព។ លោកស្រី ជា សិរី ក៏បានជម្រាបពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យថាមពល ដោយផ្តោតលើប្រភពផ្គត់ផ្គង់គ្រប់គ្រាន់ និងថាមពលស្អាត ជាកត្តាយ៉ាងសំខាន់ក្នុងការកាត់បន្ថយផលប៉ះពាល់ពីការកើនឡើងតម្លៃប្រេងឥន្ធនៈ ដែលបណ្ដាលមកពីសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត