ខ្មែរ-ថៃរួមដៃគ្នារត់ពន្ធ និងជួញដូរថ្នាំញៀន ត្រូវអាជ្ញាធរប៉ោយប៉ែតចាប់ខ្លួន
ហាក់ អ៊ីឌី
8 ម៉ោងមុន

ក្រុងប៉ោយប៉ែត៖ មនុស្សប្រុសស្រី៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញចាប់ខ្លួន ពាក់ព័ន្ធករណីរត់ពន្ធថ្នាំញៀនក្នុងភូមិសាស្ត្រសង្កាត់​អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ...។

របាយការណ៍ពីអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៩មេសានេះ បានឱ្យដឹងថា ក្រោយទទួលបានសេចក្ដីរាយការណ៍ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាត់កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន សហការជាមួយសមត្ថកិច្ចមូលដ្ឋាន បើកការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនអ្នកពាក់ព័ន្ធសរុបចំនួន៣នាក់រួមមាន៖ ទី១.ឈ្មោះ​ សួន​ ឃុន​ ជនជាតិខ្មែរ, ទី២.ឈ្មោះ​ ភិក ​ប៉ោង និងទី​៣.ឈ្មោះ​ អា​ យ៉ានម៉ានី (ពួកគេទាំង២នាក់សុទ្ធសឹងជាជនជាតិថៃ)។ ប្រតិបត្តិការចុះបង្ក្រាបក្រុមជួញដូរ និងរត់ពន្ធថ្នាំញៀននេះ ធ្វើឡើងក្រោមកិច្ចសម្របសម្រួលនីតិវិធីពីស្ថាប័នអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។

ជាមួយគ្នានោះ អាជ្ញាធរបន្តធ្វើការដកហូតវត្ថុតាងជាប្រភេទម្សៅ​ម៉ត់​-សចំនួន៤កញ្ចប់​, ថ្នាំ​កញ្ចប់​ពណ៌​-សរូបសេះ ចំនួន០១កញ្ចប់​, ក្បាល​បារី​អេឡិចត្រូនិក​ចំនួន​១៨​ រួមទាំងឧបករណ៍មួយចំនួនទៀត ដែលបម្រើឱ្យការប្រព្រឹត្តិបទល្មើសផងដែរ។ បច្ចុប្បន្ន ជនជាប់ចោទទាំង៣នាក់ ក្រោយឃាត់ខ្លួន ត្រូវបានអាជ្ញាធរជំនាញធ្វើកំណត់ហេតុ និងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការផ្តន្ទាទោសតាមនីតិវិធីច្បាប់ជាធរមាន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត