មន្រ្តីបរិស្ថាន អំពាវនាវឱ្យបញ្ឈប់សកម្មភាពកាប់បំផ្លាញព្រៃឈើ
S
Sreyleak Yith
7 ម៉ោងមុន

ក្រុងព្រះវិហារ៖ ព្រៃឈើ មិនត្រឹមតែជាធនធានធម្មជាតិដ៏មានតម្លៃប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកំពែងធម្មជាតិដែលផ្តល់អត្ថប្រយោជន៍យ៉ាងសន្ធឹកសន្ធាប់ដល់វិស័យការពារជាតិ ជាពិសេស ក្នុងស្ថានភាពសង្គ្រាមនៅតំបន់ព្រំដែនកម្ពុជា-ថៃកន្លងទៅ។ ព្រៃឈើនៅតំបន់ព្រំដែនកម្ពុជា-ថៃ ជាពិសេស នៅជុំវិញប្រាសាទព្រះវិហារ មានតួនាទីយ៉ាងសំខាន់មិនអាចខ្វះបានសម្រាប់វិស័យការពារជាតិ។ មន្រ្តីនៃមន្ទីរបរិស្ថានខេត្តព្រះវិហារ បានចេញមានក្រើនរំឭកមួយកាលពីថ្ងៃទី២៨មេសាម្សិលមិញ ចំពោះអ្នកកាប់បំផ្លាញព្រៃឈើ ត្រូវគិតពីវីរកងទ័ព ដែលយកជីវិតទៅពាំងការពារទឹកដី…។

ចំណុចសំខាន់ដែលបង្ហាញពីសារប្រយោជន៍របស់ព្រៃឈើក្នុងសង្គ្រាម បើតាមមន្រ្តីបរិស្ថានបញ្ជាក់ថា ទី១.ការយល់ដឹងពីភូមិសាស្ត្រ៖ កងទ័ពដែលមានចំណេះដឹងអំពីព្រៃឈើ និងផ្លូវក្នុងព្រៃច្បាស់លាស់ ងាយស្រួលចល័តទ័ព និងវាយប្រហារសត្រូវ។ ២.រារាំងការធ្វើដំណើររបស់សត្រូវ៖ ព្រៃឈើដែលសម្បូរទៅដោយដើមឈើ វល្លិ៍ និងផ្លូវតូចចង្អៀត ធ្វើឱ្យការចល័តទ័ពរបស់សត្រូវមានការលំបាក ជាពិសេសសម្រាប់យានយន្តយោធាធំៗ។ មួយវិញទៀត ក៏ជួយបង្កើនលទ្ធភាពសម្រាប់កងទ័ពក្នុងស្រុកដែលស្គាល់ភូមិសាស្ត្រច្បាស់ ក្នុងការគ្រប់គ្រងស្ថានការណ៍។ ៣.ទីតាំងយុទ្ធសាស្ត្រសម្រាប់ការវាយឆ្មក់៖ ភាពសម្បូរបែបនៃដើមឈើ និងភូមិសាស្ត្រមិនស្មើគ្នា ធ្វើឱ្យព្រៃឈើក្លាយជាកន្លែងដ៏សក្តិសមបំផុតសម្រាប់ការរៀបចំទីតាំងវាយឆ្មក់ និងការធ្វើសង្គ្រាមទ័ពព្រៃ។ ហើយកងទ័ពអាចបង្កប់ខ្លួន និងវាយប្រហារសត្រូវដោយមិនដឹងខ្លួន។

៤.ប្រើប្រាស់ជាឧបសគ្គធម្មជាតិ៖ ក្នុងករណីខ្លះ ព្រៃឈើក្រាស់ដើរតួជាឧបសគ្គធម្មជាតិ ដែលសត្រូវពិបាកឆ្លងកាត់ ជួយឱ្យកងទ័ពការពារ មានពេលវេលាបន្ថែមក្នុងការរៀបចំខ្លួន។ ៥.ផ្តល់ជម្រក និងការបិទបាំង៖ ព្រៃឈើដែលក្រាស់ ជាជម្រកល្អសម្រាប់យុទ្ធជន និងសម្ភារសឹក។ វាជួយបិទបាំងទ័ពពីការមើលឃើញរបស់សត្រូវទាំងលើអាកាសដូចជា ដ្រូន ឬយន្តហោះ និងពីដី។ កងទ័ពអាចប្រើប្រាស់ដើមឈើធំៗជាខែលការពារពីគ្រាប់ និងបំណែកគ្រាប់បែក។ ៦.ធនធានសម្រាប់សាងសង់ជម្រក និងកំពែង៖ ក្នុងស្ថានភាពសង្គ្រាមព្រៃឈើអាចយកមកប្រើប្រាស់ ដើម្បីសាងសង់ជម្រកបណ្តោះអាសន្ន កំពែងការពារ ឬផ្លូវដើរ។ លើសពីនេះ ជួយឱ្យកងទ័ពមានកន្លែងស្នាក់នៅ និងការពារខ្លួន។ ៧.ជួយក្នុងការរៀបចំទីតាំងភស្តុភារ៖ ព្រៃឈើអាចជួយលាក់បាំងឃ្លាំងគ្រាប់រំសេវ ស្បៀងអាហារ និងទីបញ្ជាការដ្ឋាន ពីការរកឃើញរបស់សត្រូវ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត