ចិនប្រើលុយអូសទាញតៃវ៉ាន់ឱ្យចុះចូលបង្រួបបង្រួមជាតិ ខណៈទីក្រុងតៃប៉ិច្រានចោល
N
Nary Vann
4 ម៉ោងមុន

រដ្ឋធានីប៉េកាំង៖ រដ្ឋាភិបាលចិន បានបើកយុទ្ធនាការវាយលុកផ្នែកចិត្តសាស្ត្រជាថ្មី ដោយបានសន្យាផ្ដល់ឱកាសមាស ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រដល់សេដ្ឋកិច្ចកោះតៃវ៉ាន់ ប្រសិនបើទីក្រុងតៃប៉ិយល់ព្រមបង្រួបបង្រួមជាតិ ក្រោមការគ្រប់គ្រងរបស់ខ្លួន។ យ៉ាងណា រដ្ឋាភិបាលតៃវ៉ាន់ ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ឡៃ ឈឹងតេ (Lai Ching-te) បានច្រានចោលភ្លាមៗ ដោយចាត់ទុកថា ការបង្រួបបង្រួមក្រោមស្លាកសន្តិភាព នឹងនាំមកនូវបញ្ហាមិនចេះចប់មិនចេះហើយដល់ប្រជាជាតិខ្លួន...។   

លោក ជិន ប៊ីនហួរ (Chen Binhua) អ្នកនាំពាក្យចិន បានអះអាងថា ទីផ្សារដ៏មហិមារបស់មហាអំណាចចិន នឹងក្លាយជាថាមពលស្រូបទាញដែលធ្វើឱ្យឧស្សាហកម្មបច្ចេកវិទ្យាកម្រិតខ្ពស់របស់តៃវ៉ាន់រឹតតែមានឥទ្ធិពល និងស្ថិរភាព។ អ្នកនាំពាក្យរូបនេះបានថ្លែងយ៉ាងដូច្នេះថា៖«ការបង្រួបបង្រួមដោយសន្តិវិធី នឹងបញ្ចូលភាពប្រាកដប្រជា និងសក្តានុពលកំណើនកាន់តែច្រើនទៅក្នុងបរិយាកាសវិនិយោគ និងធុរកិច្ចរបស់តៃវ៉ាន់ តំណាងឱ្យឱកាសដែលមិនធ្លាប់មានពីមុនមក និងជាប្រភពនៃទំនុកចិត្តដ៏អស្ចារ្យបំផុតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់តៃវ៉ាន់»។ ការសន្យានេះ កើតឡើងចំពេលដែលសេដ្ឋកិច្ចតៃវ៉ាន់ កំពុងហក់ឡើងដល់កំពូលក្នុងអត្រា៨,៦៨ភាគរយ ដោយសារការនាំមុខលើវិស័យបន្ទះឈីបសកល ជាចំណុចយុទ្ធសាស្ត្រដែលចិនចង់ក្រសោបយកឱ្យបានក្នុងយុគសម័យបញ្ញាសិប្បនិម្មិត(AI)។

ផ្ទុយទៅវិញ ប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ឈឹងតេ បានវាយបកវិញយ៉ាងចាស់ដៃថា ការបង្រួបបង្រួមដែលចិនព្យាយាមវេចខ្ចប់ក្នុងស្លាក «សន្តិភាព» គឺជាការភូតកុហកដែលនឹងនាំមកនូវមហន្តរាយ និងបញ្ហាមិនចេះចប់ដល់ប្រជាជាតិរបស់លោក។ ក្នុងជំនួបជាមួយមន្ត្រីយោធាជាន់ខ្ពស់ លោកបានលើកឡើងថា ចិនកំពុងប្រើល្បិច «មេឃខ្មៅងងឹត» តាមរយៈយុទ្ធសាស្ត្រតំបន់ប្រផេះ ដោយបញ្ជូននាវា និងយន្តហោះចម្បាំងមកគំរាមកំហែងដល់មាត់ទ្វារផ្ទះតៃវ៉ាន់ជារៀងរាល់ថ្ងៃ ក្នុងបំណងកម្ទេចស្មារតីការពារជាតិ និងផ្លាស់ប្ដូរស្ថានភាពដើមនៃច្រកសមុទ្ទតៃវ៉ាន់ តាមរយៈការបំភិតបំភ័យផ្នែកចិត្តសាស្ត្រ។

លោក ឡៃ ជីងតេ
លោក ឡៃ ជីងតេ

សង្គ្រាមសម្តីដ៏ស្រួចស្រាវនេះ បានបញ្ជាក់ថា គម្លាតរវាងរដ្ឋធានីប៉េកាំង និងទីក្រុងតៃប៉ិ កាន់តែរីកធំឡើងៗ ដោយតៃវ៉ាន់នៅតែរក្សាជំហរដាច់ខាត គឺមានតែប្រជាជនតៃវ៉ាន់ប៉ុណ្ណោះដែលអាចសម្រេចវាសនាខ្លួនដោយខ្លួនឯងបាន។ ទោះបីជាចិនព្យាយាមលើកយកគំរូ «ប្រទេសមួយ ប្រព័ន្ធពីរ» មកល្បួងយ៉ាងណាក្ដី ក៏រដ្ឋាភិបាលលោក ឡៃ ឈឹងតេ នៅតែជឿជាក់ថា សន្តិភាពពិតប្រាកដមិនអាចកើតចេញពីការអង្វរករ ឬការលះបង់អធិបតេយ្យភាព ដើម្បីផលចំណេញសេដ្ឋកិច្ចនោះឡើយ ប៉ុន្តែវាត្រូវតែសាងឡើងតាមរយៈកម្លាំងការពារជាតិដ៏រឹងមាំ និងសាមគ្គីភាពរបស់ប្រជាជាតិដែលស្រឡាញ់ប្រជាធិបតេយ្យ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត